អាមេរិកលក់មីស៊ីលTomahawk តម្លៃ ១,៣ ពាន់លានដុល្លារ ដល់អូស្ត្រាលី

បរទេស ៖ ប្រទេសអូស្ត្រាលី​គ្រោង​នឹង​ទិញ​មីស៊ីល Tomahawk រាប់រយ​គ្រាប់​ពី​សហរដ្ឋអាមេរិក​ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ AUKUS ហើយមន្ទីរបញ្ចកោណ ក៏បានយល់ព្រមលក់មីស៊ីលនេះរហូតដល់ ២២០ គ្រាប់ក្នុងតម្លៃ១,៣ ពាន់លានដុល្លារនៅក្នុងកិច្ចព្រមព្រៀង ដែលនឹងរួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេស។

លោលរីឆាត ម៉ាឡេស (Richard Marles) ឧបនាយករដ្ឋមន្ត្រី បាននិយាយថា អូស្ត្រាលីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកដើម្បីទទួលបានសមត្ថភាពមីស៊ីលបន្ថែមទៀត។ការលក់មីស៊ីលដែលបានគ្រោងទុកនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អូស្ត្រាលីក្នុងការទិញនាវាមុជទឹកនុយក្លេអ៊ែរជាច្រើនគ្រឿង ក្រោមសម្ពន្ធភាពសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ក្នុងតម្លៃរហូតដល់៣៦៨ពាន់លានដុល្លារ។

លោកបានប្រាប់កម្មវិធី Today របស់ទូរទស្សន៍ Nine នៅព្រឹកថ្ងៃសុក្រទី១៧មីនា ឆ្នាំ២០២៣ថា «វាជាផ្នែកមួយដ៏សំខាន់នៃអ្វីដែលយើងត្រូវធ្វើជាមួយនឹងគោលជំហររបស់យើង ពោលគឺមានលទ្ធភាពកាន់តែច្រើនក្នុងការបាញ់។ ការធ្វើឱ្យប្រាកដថាយើងមានមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយគឺជាសមត្ថភាពដ៏សំខាន់សម្រាប់ប្រទេស។ វាអនុញ្ញាតឱ្យយើងអាចទៅដល់ហួសពីច្រាំងសមុទ្ររបស់យើងបន្ថែមទៀត ហើយនោះជារបៀបដែលយើងអាចរក្សាសុវត្ថិភាពអូស្ត្រាលី»។

លោក ផាត់ ខុនរ៉យ (Pat Conroy) រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ការពារជាតិ​បាន​និយាយ​ថា មីស៊ីល​ទាំងនោះ​អាច​បាញ់​ចេញពី​នាវាមុជទឹក​ថ្នាក់ Virginia របស់​សហរដ្ឋអាម៉េរិក ដែល​អូស្ត្រាលី​នឹង​ទិញ​ក្រោម​កិច្ចព្រមព្រៀង AUKUS ។

លោកបានប្រាប់ទូរទស្សន៍ ABC TV ថា «យើងពិតជាចង់បានសមត្ថភាពល្អបំផុតដែលអាចធ្វើទៅបានសម្រាប់កងកម្លាំងការពារអូស្ត្រាលី ដូច្នេះរួមបញ្ចូលទាំងសមត្ថភាពក្នុងការវាយប្រហារគូប្រជែងឱ្យឆ្ងាយតាមដែលអាចធ្វើទៅបានពីដីគោកអូស្ត្រាលី។ មីស៊ីលនាំផ្លូវ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់នៃរឿងនោះក៏​ដូច​ជា​នាវាមុជទឹក​ដែល​បាញ់​វាផងដែរ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *