សង្សារថ្មោងថ្មី ជិះម៉ូតូជ្រុលបុករថយន្តទើបទិញថ្មី ស្លាប់បុរសម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត និងស្រ្តីរងរបួសស្រាល បន្ទាប់ពីបើកម៉ូតូជ្រុលទៅបុករថយន្ត នៅវេលា ម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចខាងជើង សាលាខណ្ឌសែនសុខ ប្រមាណ៥០ម៉ែត្រ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិង ផ្លូវ១៩៧០ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គា ធា ភេទប្រុស អាយុ២៩ឆ្នាំ របរជាងដែក រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម និង អ្នករងរបួសស្រាល ឈ្មោះពឹង ធារ៉ា ភេទស្រី អាយុ២៨ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ អ្នកទាំងពីរ ជិះម៉ូតូ zoomer ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1L-1037  ចំណែករថយន្ត ម៉ាកTOYOTA VLtz  ពណ៌ស គ្មានស្លាកលេខ ( ព្រោះឡានទើបតែទិញ ) បើកបរដោយស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួន ។ 

ប្រភពបានឲ្យដឹងថា គេឃើញរថយន្ត បើកតាមបណ្ដោយផ្លូវ ១៩៧០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ឯម៉ូតូជិះតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដួចគ្នា ខណៈ មកដល់ចំណុចកើតហេតុ ម៉ូតូជ្រុលបុករថយន្ត ចំជំហៀងខាងស្ដាំពេញទំហឹងតែម្ដង ។ 

តាមស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា អ្នកទាំងពីរ ពោះម៉ាយនិងមេម៉ាយ បានជួបគ្នា ហើយក៏បានដឹកគ្នាទៅលេង ម៉ែឪខាងប្រុសនៅឯខេត្តកំពង់ចាម ដើម្បីឲ្យបានឃើញ បានស្គាល់គ្នា ហើយបានត្រឡប់មកភ្នំពេញវិញ ដោយបុរសរងគ្រោះ ជូនគាត់ទៅបន្ទប់ជួលវិញ ស្រាប់តែមកជួបគ្រោះថ្នាក់ បែបនេះ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង ចំណែកសពប្រគល់ឲ្យ សាច់ញាតិដឹកទៅ ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *