គាស់កាយបេតុងចេញពីដើមឈើវិញហើយ ម្ចាស់ហាង បេប៊ីអោតឡេត(Baby outlet)

ភ្នំពេញ ៖ ក្រោយពីទទួលបានដំណឹង និងការរាយការណ៍ ពីប្រជាពលរដ្ឋតាមប្រព័ន្ធ facebook ភ្លាមៗនោះ នៅវេលាម៉ោង១១និង៥៨ នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ ដោយបានដឹកនាំបញ្ជាពី លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក លោក ចាន់ បណ្ឌិតអភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌ ចុះពិនិត្យ និងណែនាំម្ចាស់ហាង បេប៊ីអោតឡេត(Baby outlet) ដែលបំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន៤ដើម នៅផ្លូវ ២៨៩ក្នុងសង្កាត់ បឹងកក់២ គណៈបញ្ជាការឯកភាពខណ្ឌបានឲ្យរុះរើ បេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ។

ចំពោះដើមឈើដែលងាប់ ត្រូវដាំឡើងវិញ មានទំហំប៉ុនដូចគ្នា ព្រមទាំងធ្វើកំណត់ហេតុ ណែនាំមិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការណ៍ ហើយធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬងាប់ដើមឈើខាងលើនេះនិងត្រូវទទួលខុត្រូវចំពោះមុខច្បាប់ជាធរមាន។ 

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌទួលគោក ក៏បានថ្លែងអំណរគុណ ចំពោះបណ្ដាញសារព័ត៌មាន សាធារណជនទាំងអស់ ដែលបានផ្ដល់ព័ត៌មានទាន់ហេតុការណ៍ ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់ និងទាន់ពេលវេលា៕ ដោយ៖សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *