IMF អនុម័តកញ្ចប់ថវិកាសង្គ្រោះ ៣ ពាន់លានដុល្លារ ជួយស្រីលង្កា

បរទេស ៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃចន្ទទី២០មីនាឆ្នាំ២០២៣ថា «ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តកម្មវិធីសង្គ្រោះជិត ៣ ពាន់លានដុល្លារ សម្រាប់ប្រទេសស្រីលង្កាក្នុងរយៈពេលបួនឆ្នាំដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចក្ស័យធនរបស់ប្រទេសនេះ»។

សេចក្តីថ្លែងការណ៍របស់ IMF បាននិយាយថា «មូលនិធិប្រហែល ៣៣៣ លានដុល្លារនឹងត្រូវបញ្ចេញភ្លាមៗ ហើយការអនុម័ត ក៏នឹងបើកឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថាប័នផ្សេងទៀត»។

សេចក្តីថ្លែងការណ៍របស់ IMF បានដកស្រង់សម្តីនាយកគ្រប់គ្រង លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) យ៉ាងដូច្នេះថា «ស្រីលង្កាកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនិងសង្គមយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ចំពេលអតិផរណាខ្ពស់ ទុនបម្រុងធ្លាក់ចុះ បំណុលសាធារណៈមិនស្ថិតស្ថេរ និងភាព ងាយរងគ្រោះកើនខ្លាំងឡើងក្នុងវិស័យហិរញ្ញវត្ថុ»។

«ស្ថាប័ននានានិងក្របខណ្ឌអភិបាលកិច្ចទាមទារឱ្យមានកំណែទម្រង់ស៊ីជម្រៅ។ សម្រាប់ស្រីលង្កាដើម្បីជម្នះវិបត្តិនេះការអនុវត្តយ៉ាងឆាប់រហ័សនិងទាន់ពេលវេលានៃកម្មវិធីដែលគាំទ្រដោយ EFF ជាមួយនឹងភាពជាម្ចាស់ដ៏រឹងមាំសម្រាប់កំណែទម្រង់គឺមានសារៈសំខាន់»។

បើតាមការិយាល័យប្រធានាធិបតីស្រីលង្កាបានឱ្យដឹងថា ការអនុម័តរបស់ IMF នឹងបើកឱ្យមានការផ្តល់ហិរញ្ញប្បទានរហូតដល់ ៧ ពាន់លានដុល្លារពីមូលនិធិនិងស្ថាប័នហិរញ្ញវត្ថុពហុភាគីអន្តរជាតិផ្សេងទៀត។

នៅដើមខែមីនានេះ ឧបសគ្គចុងក្រោយសម្រាប់ការអនុម័តត្រូវបានជម្រះនៅពេលដែលចិនបានចូលរួមជាមួយម្ចាស់បំណុលផ្សេងទៀត របស់ស្រីលង្កាក្នុងការផ្តល់ការធានាលើការរៀបចំរចនាសម្ពន្ធបំណុលឡើងវិញ។

លោករ៉ានីល វីក្រេមេស៊ីង (Ranil Wickremesinghe) ប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់គាត់ថា «តាំងពីដើមដំបូងមក យើងបានប្តេជ្ញាចិត្តចំពោះតម្លាភាពពេញលេញក្នុងការពិភាក្សារបស់យើងជាមួយស្ថាប័នហិរញ្ញវត្ថុនិងជាមួយម្ចាស់បំណុលរបស់យើង»។

«ខ្ញុំសូមថ្លែងអំណរគុណចំពោះ IMF និងដៃគូអន្តរជាតិរបស់យើងសម្រាប់ការគាំទ្ររបស់ពួកគេខណៈយើងសម្លឹងធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញក្នុងរយៈពេលវែង តាមរយៈការគ្រប់គ្រងសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ននិងរបៀបវារៈកំណែទម្រង់ប្រកបដោយមហិច្ឆតារបស់យើង»។

លោកវីក្រេមេស៊ីង បន្តថា លោកបានធ្វើការសម្រេចចិត្តដ៏លំបាកមួយចំនួនដើម្បីធានាបាននូវស្ថិរភាព និរន្តរភាពបំណុល និងដើម្បីការរីកលូតលាស់សេដ្ឋកិច្ចដែលរួមបញ្ចូលគ្នា និងទាក់ទាញអន្តរជាតិ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *