បុរសជនជាតិចិនម្នាក់ លោតពីលើអគារខ្ពស់ សម្លាប់ខ្លួន នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារខ្ពស់មួយសម្លាប់ខ្លួន ទោះបីសមត្ថកិច្ចព្យាយាម ជួយសង្គ្រោះយ៉ាងណាក្តី ដែលករណីនេះ ជាជនរងគ្រោះទី ៣ ហើយដែលស្លាប់ដោយសារការធ្លាក់ពីលើ អគារខ្ពស់នៅក្រុងព្រះសីហនុ ដែលហេតុការណ៍ខាងលើនេះ កើតឡើងនៅ ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាជនជាតិចិន បានព្យាយាមលោតពីលើអគារ ខ្ពស់ខាងលើ តាំងពីម៉ោង ៤រសៀលថ្ងៃទី ២០ ខែមីនាឆ្នាំ២០២៣មកម៉្លេះ ។អាជ្ញាធរបាន ដាក់ទ្រនាប់ទម្រដើម្បីជួយសង្គ្រោះដែរ តែអកុសលជនរងគ្រោះបានលោតមកប៉ះចំ របងថ្មបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជាជនរងគ្រោះទី៣ហើយ ដែលបានស្លាប់ដោយ ធ្លាក់ពីលើអគារខ្ពស់ៗ នៅក្រុងព្រះសីហនុ នាដើមខែមីនាឆ្នាំ២០២៣នេះ។ នៅលើកទី១-កើតឡើងនៅសណ្ឋាគារឡា ជូស ស្ថិតក្នុងសង្កាត់លេខ២ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែមីនាឆ្នាំ២០២៣ និង លើកទី២-នៅ សណ្ឋាគារមួយនៅអូរទីពីរ ក្រុង-ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១៩ ខែមីនាឆ្នាំ២០២៣ សាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនយកទៅរក្សាទុកនៅបន្ទប់រក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំសេចក្តីសម្រេចរបស់ស្ថានទូត ចិននៅកម្ពុជា ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *