ជំនាញខាងកាប់ឱ្យរបួស នគរបាលឃាត់ខ្លួន៣នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ចំណោមគ្នីគ្នាច្រើននាក់ ពាក់ព័ន្ធកាប់ជនរងគ្រោះឱ្យរបួស នៅស្រុកថ្មពួក និងក្រុងសេរីសោភ័ណ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃទី២១មីនាឆ្នាំ២០២៣ ។

ករណីទី១-ជនសង្ស័យ២នាក់ ត្រូវកម្លាំងផែនការងារព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួកឃាត់ខ្លួនយកមកសួរនាំ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកាប់លើជនរងគ្រោះម្នាក់ ចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក កាលពីយប់ថ្ងៃអាទិត្យបណ្តាលឱ្យរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមង្គលបូរី ទាំងយប់។

ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ច ថាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩យប់ នៅចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក មានក្រុមក្មេងមួយក្រុមមានម៉ូតូ០៤គ្រឿង មិនស្គាល់ឈ្មោះ បានឈរមុខផ្ទះឈ្មោះ គឹម សិលាភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយក្រុមក្មេងទាំងនោះបានស្ទាក់ឃាត់ និងធ្វើសកម្មភាពកាប់ទៅលើខ្លួនដែលកំពុងជិះម៉ូតូមានគ្នា០៣នាក់។

ជនរងគ្រោះបន្តថា ជនរងគ្រោះ ១-ឈ្មោះ លីម ពុម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ,២-ឈ្មោះ ផេងភី ភេទប្រុស អាយុ ២០ឆ្នាំ និង៣-ឈ្មោះ វ៉ុន ឌី ភេទប្រុស អាយុ២១ឆ្នាំ រងរបួសកែងដៃ ផ្នែកខាងឆ្វេង រស់នៅភូមិរំពុកឃុំស្វាយជ្រាស ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឱ្យអ្នកខ្លះរបួសធ្ងន់ ខ្លះរត់គេចខ្លួនរួច។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យមង្គលបូរី ឯក្រុមក្មេងដែលបង្កបានជិះម៉ូតូរត់គេចខ្លួនអស់តែម្តង។

សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀលនាទី កម្លាំងជំនាញបាន​ស្រាវជ្រាវ ឃាត់ជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ ឆាង ឆាត ភេទប្រុស អាយុ២២ឆ្នាំ និង២-ឈ្មោះ ហាត ឆាត ហៅសំ ភេទប្រុសអាយុ22ឆ្នាំ ជាជនដៃដល់ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

ជនដៃដល់បានសារភាព​ថា «ខ្លួនទាំងពីរនាក់ពិតជាបាន ធ្វើសកម្មភាពប្រើអំពើហិង្សា យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យមានរបួសស្នាមប្រាកដមែន ដោយសារខឹងជនរងគ្រោះខាងលើជិះម៉ូតូពេញផ្លូវ ទើបស្ទាក់កាប់តែម្តង»។

ករណីទី២-កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងសេរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកសួរនាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកាប់លើយុវជនម្នាក់បណ្ដាលរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ដំបូងមានជនរងគ្រោះម្នាក់ឈ្មោះពេញ នុរៈសត្យា ភេទ​ប្រុស​ អាយុ​ ១៦ ឆ្នាំ​ រស់​នៅ​ភូមិ​តារាងបាល់​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ បានប្តឹងថា កាល​ពីថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣​ វេលាម៉ោង០៧និង៤០នាទីយប់ មានឈ្មោះ ពេញ នុរៈសត្យា ភេទប្រុស និងឈ្មោះ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ បាននាំគ្នាអង្គុយលេងនៅចំណុចផ្លូវលេខ៧ ស្ថិតនៅភូមិ-សង្កាត់កំពង់ស្វាយ ស្រាប់តែមានជនសង្ស័យ ១ក្រុម មានគ្នា០៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម បានធ្វើសកម្មភាពវាយមកលើឈ្មោះពេញ នុរៈសត្យា ជាច្រើនដៃរបួសស្រាល។

ចំណែកឈ្មោះ បញ្ញា ត្រូវជនសង្ស័យកាប់ជាច្រើនកំបិតរងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងនោះបានជិះគេចខ្លួនបាត់។ ក្នុងចំណោមជនសង្ស័យ០៤នាក់នោះស្គាល់០២នាក់មានឈ្មោះ ឆាលី ភេទប្រុស អាយុ១៧ឆ្នាំនិងឈ្មោះ ដេត ភេទប្រុស អាយុ១៧ឆ្នាំ។

សមត្ថកិច្ចបន្តថា លុះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងបានហៅឈ្មោះ អ៊ី សុខលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ មកសួរនាំនៅការិយាល័យជំនាញ ។

ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួន និងបក្ខពួក៣នាក់ទៀតបានយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះជាច្រើនមួក និងច្រើនដៃ ,ចំណែកឈ្មោះ លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកកាន់កាំបិត និងកាប់ទៅលើជនរងគ្រោះ»។

បច្ចុប្បន្ន ជនសង្ស័យទាំង២ករណី ស្ថិតក្រោមការសួរនាំរបស់នគរបាលកម្រិតស្រាល សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *