សម្តេចតេជោសែន ជំរុញឱ្យខិតខំកែច្នៃផ្ទៃដីមួយហិកតា អាចចិញ្ចឹមមនុស្ស​បាន ៥-១៥ នាក់យ៉ាងតិច

ភ្នំពេញ ៖ ការបង្កើតពូជស្រូវថ្មីដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ ដែលអាចឱ្យកសិករ ធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ ដោយផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្ស​បានពី ៥-១៥ នាក់យ៉ាងតិច ក្នុងចំណោមផ្ទៃដី៣លានហិកតា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ក្នុងពិធីបិទសន្និបាត បូក​សរុប​​​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ទី២៤ ខែមីនាឆ្នាំ២០២៣នេះ ។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរ ដល់កិច្ចខិតចំប្រឹងប្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជា ឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។សម្តេចតេជោបានមានប្រសាសន៍ជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្ស​បាន៥-១៥ នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងនធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ ៣លានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតា ក្នុងមួយឆ្នាំ។

សម្ដេចតេជោសែន បានមានប្រសាសន៍ជំរុញឱ្យ មានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ហើយសម្ដេចក៏បានផ្ដាំផ្ញើទៅរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្ត្រីក្រោយៗ ត្រូវរក្សា​ការពារ​ទីតាំងរបស់វិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ឱ្យខាងតែបាន ដោយមិនឱ្យនរណាមកប៉ះពាល់ឡើយ ។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យផលិតពូជ​ស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់​តាម​តម្រូវការទីផ្សារទាំង ក្នុងស្រុកនិងក្រៅប្រទេស។ សម្ដេចក៏ប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ​ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន​ លើផ្នែកកសិ-ឧស្សាហកម្ម។ សម្ដេចតេជោបានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់ចំពោះ​មន្ត្រី​ជំនាញកសិកម្ម ដែលចុះ ទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករ ដើម្បីទទួលបានជំនាញច្បាស់លាស់ លើវិស័យកសិកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជានឹងទម្លាក់ទុនប្រមាណ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ សម្ដេចក៏ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះCP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ» ៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *