ក្រុមគ្រូពេទ្យ ចុះទៅជួយសង្គ្រោះ ស្ត្រីម្នាក់សម្រាលកូននៅលើអូប័រ

កោះកុង ៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី និងក្រុមរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅព្រលឹម ថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៣ បានចុះទៅជួយសង្គ្រោះ ស្ត្រីម្នាក់សម្រាលកូននៅលើអូប័រ នៅតាមដៃព្រែកកោះប៉ោ នៃខេត្តកោះកុង ។ 

ស្រ្តីខាងលើមានឈ្មោះ ឆន សាឡឹង អាយុ២២ឆ្នាំ មានទីលំនៅបណ្តោះអាសន្ន នៅភូមិចាំយាម (ចំណុចកោះលយក្រោម ក្បែរមាត់ព្រែក) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ( អាសយដ្ឋានអចិន្ត្រៃយ៍ នៅខេត្តកំពត) នេះជាការសម្រាលកូនទី២ ភេទប្រុសទំងន់៣គ.ក្រ ។ គាត់បានបញ្ជាក់ផងដែរថា នៅចំណុចដែលគាត់កំពុងរស់នៅនេះ ជាតំបន់ភ្នំដាច់ស្រយាល និងក្បែរដៃព្រែក បើធ្វើដំណើរតាមផ្លូវទឹកមកមន្ទីរពេទ្យ លឿនជាងធ្វើដំណើរតាមផ្លូវគោក ។ 

ហេតុការណ៍នេះបានកើតឡើង ក្នុងកំឡុងពេលស្ត្រីនោះឈឺពោះត្រៀមសម្រាល និងកំពុងធ្វើដំណើរតាមផ្លូវទឹក តាមរយៈអូរប័រ នៅតាមដៃព្រែកកោះប៉ោ តែមិនទាន់បានមកដល់គោលដៅផង ក៏សម្រាលនៅលើអូប័រតែម្តង តែគាត់និងក្រុមគ្រួសារ បានបន្តដំណើរមកដល់ច្រាំង នៅវេលាម៉ោងប្រហែល៥និង២០នាទីព្រឹក ទើបប្រជាពលរដ្ឋទាក់ទងមកមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យយើងក៏បានស្រូតមកជួយសង្គ្រោះភ្លាមៗ និងបន្តដឹកគាត់តាមរយៈរថយន្តសង្គ្រោះ មកមន្ទីរពេទ្យបន្តការថែទាំ ព្យាបាលជូនគាត់ប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន ។ 

ក្រុមគ្រូពេទ្យក៏បានអំពាវនាវ ដល់បងប្អូនស្រ្តីដែលដឹង ឬសង្ស័យថាខ្លួនមានផ្ទៃពោះ ត្រូវទៅមណ្ឌលសុខភាព ឬមូលដ្ឋានសុខាភិបាល ដែលនៅជិតជាងគេ ដើម្បីពិនិត្យ តាមដានផ្ទៃពោះ តាមដានការវិវឌ្ឍន៍របស់ទារក ទទួលបានថ្ន្នាំគ្រាប់ជាតិដែក ពង្រឹងសុខភាពម្តាយ និងទារក និងទទួលបានការណែនាំពីមន្ត្រីឆ្មប ពីការថែទាំសុខភាព ពេលមានផ្ទៃពោះ និងក្រោយសម្រាល និងដឹងពីសញ្ញាត្រៀមសម្រាលជាដើម ។ 

ខេត្តកោះកុងជាខេត្តមួយ ដែលមានទីតាំងភូមិសាស្ត្រស្មុគ្រស្មាញ ភូមិមួយចំនួនជាតំបន់កោះ ព្រៃភ្នំ ដងព្រែក ស្ទឹងខ្វាត់ខ្វែង និងនៅឆ្ងាយពីមូលដ្ឋានសុខាភិបាល ដូច្នេះការរៀបចំផែនការត្រៀមសម្រាល និងការជ្រើសរើសទីតាំងសម្រាលជាមុន ជារឿងសំខាន់មួយដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមានពេលឈឺពោះសម្រាល ៕ ដោយ ៖ ប៉ូច គឹមុសខ 

Leave a Reply

Your email address will not be published. Required fields are marked *