Boeing គ្រោងពង្រីកការផលិត នៅប្រទេសវៀតណាម

បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិក Boeing គ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាម សម្រាប់ការផលិតគ្រឿងបន្លាស់ និង ឧបករណ៍យន្តហោះនេះ ។

លោក ស្ទីវ ប៊ីហ្គាន់ (Steve Biegun) អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនទទួលបន្ទុកគោលនយោបាយសាធារណៈពិភពលោក បានពិភាក្សាអំពីផែនការនេះជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម គឺលោក ង្វៀនហុងទៀន (Nguyen Hong Dien) នៅខាងក្រៅក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៦ ឧសភាឆ្នាំ២០២៣ ។

ក្រុមហ៊ុន​វៀតណាម និង​ បរទេស​ផលិត​គ្រឿងបន្លាស់ឱ្យ​ក្រុមហ៊ុន Boeing ​នៅ​វៀតណាម ប៉ុន្តែ​ក្រុមហ៊ុនរបស់វៀតណាម​ភាគច្រើន​ផលិតគ្រឿងបន្លាស់ថោកៗ ហើយអ្នកផ្គត់ផ្គង់បរទេសភាគច្រើនគឺមកពីសហរដ្ឋអាមេរិក ជប៉ុននិង កូរ៉េខាងត្បូង។

លោកទៀនបានអំពាវនាវឱ្យក្រុមហ៊ុន Boeing បង្កើនល្បឿនបណ្តុះបណ្តាលនិងផ្ទេរបច្ចេកវិជ្ជានៅវៀតណាម ហើយវៀតណាម​មាន​ក្រុមហ៊ុន​ផលិត​គ្រឿងមេកានិក ​ដែលអាច​ជា​ដៃគូ​​សក្តានុពល​សម្រាប់​ក្រុមហ៊ុន Boeing ហើយ​ក្រសួង​របស់​លោក​នឹង​ផ្តល់​ការ​គាំទ្រ​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្សាភ្ជាប់គ្នា​។

ចំណែកក្រុមហ៊ុន Boeing បានវិនិយោគនៅក្នុងប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩៥ ហើយបានរួមចំណែកដល់ឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជំនួយបច្ចេកទេស សម្រាប់វិស័យការពារជាតិនិងអាកាសចរណ៍ពាណិជ្ជកម្មព្រមទាំងជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងការទទួលបានអាជ្ញាប័ណ្ណហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់សហរដ្ឋអាមេរិកតែម្តង ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *