ម្ចាស់កំពុងមុជទឹកឱ្យសត្វគោ ចោរ២នាក់លួចម៉ូតូ តែរត់មិនរួច

កណ្ដាល ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចចម្រុះស្ទាក់ចាប់បាន នាថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥និង២៦នាទីល្ងាច ក្នុងករណីលួចម៉ូតូ នៅចំណុច ភូមិទន្សាយគាច ឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ អ៊ុម វ៉ាន់ថា ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទន្សាយគាច ឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ។

ចំណែកជនសង្ស័យ ០២ នាក់រួមមាន ១.ឈ្មោះ តឿក ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និង ២.ឈ្មោះ ឈាង ពន្លឺសន្តិភាព ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិត ប្រាកដ។

វត្ថុតាងចាប់យករួមមាន ម៉ូតូ ០២ គ្រឿង(១.ម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០០៦ឡេីងតែម ឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6823 , ២.ម៉ាក HONDA ICON ពណ៌លឿងលាយស ពាក់ស្លាកលេខបាត់ដំបង 1N -6436 ជារបស់ជនរងគ្រោះ), ទូរស័ព្ទដៃ ០២គ្រឿងនិង ខ្សែកលោហធាតុពណ៌ លឿង ០១ខ្សែ(កាឡៃ)។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅមុខរោងគោក្បែរផ្ទះដោយទុកកូនសោរនៅជាប់នឹងម៉ូតូ ហេីយជនរងគ្រោះបានដឹកគោមួយក្បាលយកទៅលាងទឹក ។ ពេលលាងរួចមួយក្បាលជនរងគ្រោះបានមកដឹកគោមួយក្បាលទៀតយកទៅលាងទៀត ស្រាប់តែឃើញជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលើមកឈប់មុខផ្ទះហេីយធ្វើសកម្មភាពចូលលួចម៉ូតូរបស់ខ្លួន ។

ពេលនោះជនរងគ្រោះបានយក វិទ្យុទាក់ទង(អាយកូម)ប្រកាសឱ្យកម្លាំងប្រជាការពារ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមឬសជួយស្ទាក់ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមឬស និងកម្លាំងប្រជាការពារជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយរហូតដល់ចំណុចភូមិកំពង់ទួលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ក៏ឃាត់ខ្លួនជនសង្ស័យខាងលេីបានម្នាក់ ឈ្មោះ តឿក ដារ៉ា បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីសាកសួរ ។ 

ក្រោយការសាកសួរជនសង្ស័យឈ្មោះ តឿក ដារ៉ា បានសារភាពថា «ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន» រួចកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ៣ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតឈ្មោះ ឈាង ពន្លឺសន្តិភាព រួមទាំងម៉ូតូធ្វើសកម្មភាពនៅចំណុចភូមិ ព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចបញ្ជូនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *