មនុស្ស៤២នាក់បាត់បង់ជីវិត ដោយទឹកជំនន់ នៅប្រទេសហៃទី

បរទេស ៖ អាជ្ញាធរក្នុងតំបន់ ប្រទេសហៃទីបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ខ្លាំងនៅប្រទេសហៃទី កាលពីចុងសប្តាហ៍បានកើនឡើងដល់ ៤២ នាក់ ហើយមនុស្ស ១១ នាក់ទៀតកំពុងបាត់ខ្លួន។

ក្រុមមន្ត្រីបាននិយាយថា ភ្លៀងបានស្រោចជោគជាំលើតំបន់ភាគខាងលិច ភាគពាយព្យ ភាគអាគ្នេយ៍ និងភាគកណ្តាលប្រទេសហៃទី ហើយមានមនុស្សប្រមាណ ៨៥ នាក់បានរងរបួស ហើយផ្ទះសម្បែងជាង ១៣.៦០០ ខ្នងត្រូវទឹកជន់លិច ដោយបង្ខំឱ្យមនុស្សជម្លៀសខ្លួនចេញ នេះបើយោងតាមទីភ្នាក់ងារការពារស៊ីវិលរបស់ហៃទី។

ចំណែកអាកាសធាតុបានប្រសើរវិញហើយ ប៉ុន្តែដំណាំជាច្រើនបានរងការខូចខាតចំពេលមានការកើនឡើងនៃភាពអត់ឃ្លាន ហើយប្រជាជនកំពុងព្យាយាមស្វែងរកជម្រកបណ្តោះអាសន្ន បន្ទាប់ពីភ្លៀងបានប្រែក្លាយផ្លូវទៅជាទន្លេពណ៌ត្នោត។

អង្គការកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា មនុស្សរាប់ម៉ឺននាក់បានរងផលប៉ះពាល់ ជាមួយការខូចខាតធំបំផុតត្រូវបានរាយការណ៍នៅក្នុងតំបន់ទីក្រុងព័រអូប្រាំង (Port-au-Prince) និង នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសហៃទី។

អង្គការនេះបានព្រមានថា «ព្រឹត្តិការណ៍ ដែលបង្កឡើងដោយអាកាសធាតុដ៏សំខាន់នៃកម្រិតបែបនេះតាំងពីដើមរដូវខ្យល់ព្យុះ បង្កឱ្យមានការព្រួយបារម្ភអំពីសមត្ថភាពក្នុងការផ្តល់នូវការឆ្លើយតបប្រកបដោយនិរន្តរភាព ប្រសិនបើឧបទ្ទវហេតុអាកាសធាតុធ្ងន់ធ្ងរបែបនេះនៅតែបន្តកើតមាន»។

លោក អារៀល ហង់រី (Ariel Henry) នាយករដ្ឋមន្រ្តី បាននិយាយថា «លោកបានស្នើសុំជំនួយពីអន្តរជាតិរួចហើយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *