សម្តេចតេជោសែន ៖ បង្ក្រាបនិងទប់ស្កាត់ជាបន្ទាន់ ជនកាប់បំផ្លាញព្រៃឈើ និង ជនកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ

ភ្នំពេញ ៖ សារជាសំឡេង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ទៅគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបញ្ចេញកម្លាំងជាបន្ទាន់ បង្ក្រាបនិងទប់ស្កាត់ អ្នកបំផ្លាញព្រៃឈើ និងការកាប់ព្រៃឈើយកដីរដ្ឋ ដែលកំពុងធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ។ 

បទបញ្ជារបស់សម្ដេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើសកម្មភាព សូមបញ្ឈប់សកម្មភាពបន្តទៀតហើយ អ្នកមានលុយ អ្នកមានអំណាច ត្រូវដកខ្លួនពីការនៅក្រោយខ្នង ប្រសិនបើការស៊ើបអង្កេតស្រាវជ្រាវ ទៅរកឃើញ នោះនឹងមិនលើកលែងដាច់ខាត , បទបញ្ជានេះត្រូវធ្វើដូចភ្លៀងរលឹម ហើយមិនអនុញ្ញាតឱ្យកើតឡើងសារជាថ្មីទៀតនោះទេ ។ 

សម្ដេចតេជោសែន ក៏បញ្ជាក់សង្កត់ធ្ងន់ថា អ្នកបំពាន ដីនិងព្រៃឈើរបស់រដ្ឋ ត្រូវតែបង្ក្រាបមេក្លោង ដោយគ្មានការលើកលែង ទោះបីត្រូវបាត់បង់សន្លឹកឆ្នោតគាំទ្រ ពីជនប៉ុន្មាននាក់នោះក៏ដោយ ៕ ដោយ ៖ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *