លោកពូទីន ចោទអ៊ុយក្រែនថា បំផ្លាញទំនប់ទឹក កាខូវកា តាមការស្នើសុំពីលោកខាងលិច

បរទេស ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃពុធបានចោទប្រកាន់អ៊ុយក្រែនថា«បានបំផ្លាញទំនប់ទឹកកាខូវកា (Kakhovka) តាមការស្នើសុំពីលោកខាងលិច ក្នុងអ្វីដែលលោកហៅថា ជាឧក្រិដ្ឋកម្មសង្រ្គាម ព្រៃផ្សៃដែលបង្កើនជម្លោះជាមួយរដ្ឋាភិបាលក្រុងមូស្គូ»។

សូមបញ្ជាក់ថា ទំនប់កាខូវកាសម័យសហភាពសូវៀតដ៏ធំ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានបាក់កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ដោយបញ្ចេញទឹកជន់លិចពាសពេញតំបន់សមរភូមិ នៅភាគខាងត្បូងអ៊ុយក្រែន។

ចំណែកអ៊ុយក្រែន​បាន​បន្ទោស​រុស្ស៊ី​ថា​បាន​បំផ្ទុះ​វា។ រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបំផ្លិចបំផ្លាញទំនប់នេះដើម្បីកុំឱ្យមានការផ្គត់ផ្គង់ទឹកដល់តំបន់គ្រីម៉េ និងដើម្បីបង្វែរការចាប់អារម្មណ៍លើការវាយលុកដែលកំពុងបរាជ័យរបស់ខ្លួន។ក្រុមមន្ត្រី​ដែលគាំទ្រ​ដោយ​រុស្ស៊ី​មួយ​ចំនួន ​នៅ​ក្នុង​តំបន់​បាន​និយាយ​ថា ​«ទំនប់​នេះប្រហែលជា​បាក់ដោយខ្លួនវា​»។

ឯវិមានក្រឹមឡាំងបានស្រង់សម្តីលោកពូទីនថា «លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា តាមការស្នើសុំរបស់លោកខាងលិច ដែលជាអ្នកមើលថែពួកគេ អាជ្ញាធររបស់រដ្ឋាភិបាលក្រុងគៀវ នៅតែហ៊ានធ្វើការភ្នាល់ដ៏គ្រោះថ្នាក់លើការបង្កើនអរិភាព ដោយប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ប្រើវិធីសាស្ត្រភេរវកម្មដោយបើកចំហ និងរៀបចំការបំផ្លិចបំផ្លាញលើទឹកដីរុស្ស៊ី»។

លោកពូទីនត្រូវបានស្រង់សម្តីទៀតថា «ឧទាហរណ៍ច្បាស់ក្រឡែតនៃសកម្មភាពនេះគឺសកម្មភាពដ៏ព្រៃផ្សៃក្នុងការបំផ្លាញរោងចក្រថាមពលវារីអគ្គិសនីកាខូវស្កាយ៉ា (Kakhovskaya) នៅក្នុងតំបន់ឃើសុន (Kherson) ដែលនាំឱ្យមានមហន្តរាយបរិស្ថាន និង មនុស្សធម៌ដ៏ធំ»។

វិមានក្រឹមឡាំងបាននិយាយថា ការកត់សម្គាល់នេះត្រូវបានធ្វើឡើងក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីតួកគី លោក ថាយយីប អឺដូហ្គាន (Tayyip Erdogan)។ ការលើកឡើងនេះ​មិន​បាន​យោង​ទៅ​លើ​ភស្តុតាង​ណា​មួយ​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​ពូទីន​ទេ។

ចំពោះការបាក់ទំនប់នេះ ឥឡូវទឹកមួយចំនួនក្នុងចំណោមទឹក១៨គីឡូម៉ែត្រគូបនៃអាងស្តុកទឹក កំពុងជន់លិចតំបន់មួយចំនួននៃភាគខាងត្បូងអ៊ុយក្រែន រួមទាំងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីផងដែរ។

ចំណែកទីភ្នាក់ងារសារព័ត៌មាន RIA បានស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ថា «លោកពូទីនបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ន លោក អាឡិចសាន់ឌ័រ គូរិនកូវ(Alexander Kurenkov) ដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *