ឃាត់បុរសម្នាក់ បើកផាស់អាប់ លួចខ្សែភ្លើងបំភ្លឺ តាមផ្លូវជាតិលេខ៦

កណ្តាល ៖ បុរសម្នាក់បើកម៉ូតូកង់បី(ផាស់អាប់)ធ្វើសកម្មភាពកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈលក់យកលុយបាន២លើក ហើយអស់លក្ខណ៍នៅលើកទី៣ ខណៈកំពុងលួចកាត់ខ្សែភ្លើង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី ០៧មិថុនាឆ្នាំ២០២៣ វេលាម៉ោង០៨និង១០នាទីព្រឹក នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិស្ពានថ្មី ឃុំរកការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ លាភ ធួន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យករួមមាន ១-ផាសអាប់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JT-7900 ចំនួន ០១គ្រឿងជាមធ្យោបាយធ្វើសកម្មភាព,២-ខ្សែភ្លើងរុំជ័រ ពណ៌ខ្មៅ ទំហំ២,៥ ចំនួន ០២ខ្សែ ប្រវែង ៥,៦ ម៉ែត្រ, ៣-ខ្សែភ្លើងរុំជ័រពណ៌ស ទំហំ២.៥ប្រវែង៨,២ម៉ែត្រ ,៤-ទុយយោទីបជ័រ ទំហំ ៣៤មីលីម៉ែត្រ ចំនួន០២កំណាត់,៥-ពូថៅដងដែកចំនួនមួយ, ៦-កន្ត្រៃកាត់ខ្សែភ្លើងដងជ័រពណ៌ការ៉ុត ចំនួនមួយ,៧-កន្ត្រៃកាត់ខ្សែភ្លើង ដងជ័រពណ៌លឿងចំនួនមួយ,៨-ដង្កាប់ចំនួនមួយ,៩-កាមេរ៉ាសុវត្ថិភាព ចំនួនមួយនិង១០-ទូរសព្ទម៉ាក VIVO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង។

សមត្ថកិច្ចបន្តថា ដំបូងជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោលបំភ្លឺផ្លូវជាតិលេខ៦ ចំនួន ០៣លើកគឺលើកទី១-ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅចំណុចស្ពានលេខ១៤ ភូមិសាមគ្គី ឃុំព្រែកដំបង បានចំនួន១៤គីឡូក្រាម យកទៅលក់ឱ្យអេតចាយនៅឃុំព្រែកអញ្ចាញ បានប្រាក់ចំនួន១៤ម៉ឺនរៀល។ 

លើកទី២ នៅថ្ងៃទី ២៩ឧសភាឆ្នាំ២០២៣ វេលាម៉ោង ០៨ព្រឹក ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅចំណុចស្ពានលេខ២០ ភូមិឡឥដ្ឋ ឃុំព្រែកដំបង តែមិនបានសម្រេចដោយឃើញសមត្ថកិច្ច ,ជនសង្ស័យក៏ជិះ ផាសអាប់របស់ខ្លួនគេចទៅ។

ចំណែកលើកទី៣ នៅថ្ងៃទី ០៧មិថុនាឆ្នាំ២០២៣ វេលាម៉ោង ០៨ជនសង្ស័យបានជិះផាសអាប់របស់ខ្លួនតែម្នាក់ឯងមកធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅបង្គោល កាប៊ីនភ្លើង ផ្លូវជាតិលេខ៦ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ល្បាតឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកប៉ុស្តិ៍ធ្វើការសាកសួរតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា«ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវជាតិលេខ៦ ពិតប្រាកដមែន»។

ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល កសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *