លួចរថយន្តមួយគ្រឿងបានជាង៧ម៉ោង ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួន នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ បុរសម្នាក់លួចរថយន្តមួយគ្រឿង កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១ និង១៥នាទីរំលងអធ្រាត្រ នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួនបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងម៉ោង០៨ និង៤៥ឆ្នាំ នៅភូមិទួលវិហារ ឃុំជីរោរទិ៍ទី២ ស្រុកត្បូងឃ្មុំ ។

សមត្ថកិច្ចនិយាយថា ក្រោយពីទទួលបានពាក្យបណ្តឹង លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាភ្លាមៗទៅ លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ដឹកនាំមន្ត្រីជំនាញចុះស្រាវជ្រាវ ករណីបាត់រថយន្ត ០១គ្រឿង ។

បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោះ កែវ វីរៈបុត្រ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅនៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថាមានករណី បាត់រថយន្តចំនួន០១គ្រឿង ម៉ាក លីប្រូ ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-0812 នៅត្រង់ចំណុចក្រោយផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ-ឃុំខាងលើ ។

ក្រោយទទួលបាន បណ្តឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់ និងកំណត់បានមុខសញ្ញាឈ្មោះ ភេម វុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមនោប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ដែលជាមុខសញ្ញាលួចរថយន្តខាងលើ ។

សមត្ថកិច្ចបន្តថា រហូតដល់ម៉ោង០៨ និង៤៥ឆ្នាំ ថ្ងៃដដែល កម្លាំងនគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោរទិ៍ទី២ បានបើកកិច្ចសហប្រតិបត្តិការបង្ក្រាបចាប់ខ្លួនមុខសញ្ញាឈ្មោះ ភេម វុធ នៅចំណុចលេីផ្លូវលំ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោរទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនិង ដកហូតវត្ថុតាងជារថយន្តខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ ។

ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *