បុរសម្នាក់ជិះរថយន្តតាក់ស៊ី មកពីលេងបងប្រុស នៅខេត្តតាកែវ សុំតៃកុងរថយន្តចុះជុះនោម ដើរឆ្លងផ្លូវត្រូវរថយន្តបុក

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តមួយគ្រឿង មិនចាំម៉ាកនិងស្លាកលេខ បើកបុកបណ្តាលឱ្យហាត់បង់ជីវិតភ្លាមៗខណ:ចុះពីលើរថយន្តតាក់ស៊ីដើរឆ្លងផ្លូវបម្រុងទៅបន្ទោរបង់ កើតឡើងនៅវេលាម៉ោង ៣និង៤០ នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ កាន់ ម៉េងលាង ភេទប្រុស អាយុ ៣១ ឆ្នាំមុខរបរកសិករ​ មានស្រុកកំណើតនៅភូមិ-ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីលោក ម៉េង វែង ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំងពីរនាក់ បានជិះរថយន្តតាក់ស៊ីពីស្រុកកំណើតរបស់គាត់នៅឯស្រុកល្វាឯម បានទៅលេងកូនប្រុសបង្កើតរបស់គាត់ម្នាក់ទៀត នៅឯម្ដុំវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ហើយក៏បានហៅរថយន្តតាក់ស៊ីនាំគ្នាជិះត្រឡប់ទៅស្រុកកំណើតវិញ ។

ខណៈមកដល់ចំណុចកើតហេតុខាងលើ កូនប្រុសរបស់គាត់ដែលជាជនរងគ្រោះ បានប្រាប់តៃកុងតាក់ស៊ីឱ្យឈប់រថយន្ត ដើម្បីចុះទៅជុះនោម ខណៈនោះអ្នកបើករថយន្តតាក់ស៊ី ក៏បានអែបរថយន្តមកខាងស្ដាំដៃ ហើយជនរងគ្រោះក៏បានដើរឆ្លងផ្លូវទៅគុម្ពោតព្រៃដើម្បីឈរនោម,ពេលកំពុងដើរឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកមិនចាំស្លាកលេខបានបុកកិនបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ​  ហើយអ្នកបើកបររថយន្តបង្កបើករត់បាត់។ ចំណែកអ្នកបើកបររថយន្តតាក់ស៊ីខាងលើនេះ ឃើញហេតុការណ៍ដូច្នេះ ក៏បានបើករថយន្តទៅបាត់តែម្ដងដែរ។ 

 ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ព្រៃកំពឹស សហការជាមួយកម្លាំងនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងនិងបានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្តនិងរថយន្តបង្ក យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។ 

ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅ ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *