ឆេះឃ្លាំងស្តុកក្រណាត់ បន្ទប់ជួល របួសមនុស្ស៤នាក់ នៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ ៖ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចសប្បិកម្មកាត់ដេរនិងស្តុកក្រណាត់ លើផ្លូវ៨គ្រួសារ ស្ថិតនៅក្រុមទី៥ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  នាវេលាម៉ោងប្រមាណ ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៥ មិថុនាឆ្នាំ២០២៣ បណ្តាលឱ្យឆេះឃ្លាំងស្តុកក្រណាត់ ផ្ទះជួល ក្រណាត់ប្រមាណ៤៥តោន និងរបួសមនុស្ស៤ នាក់ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះវង្ស ប៊ុណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ក្រណាត់ ។ប្រភេទសំណង់ឃ្លាំងដែលឆេះ សង់អំពីថ្មប្រក់ស័ង្កសី មានទំហំ០៥ម៉ែត្រ គុណនឹង៤៩ម៉ែត្រ ,ក្រណាត់ប្រហែល៤០តោន, ម៉ាស៊ីនដេរចំនួន ២៥គ្រឿង អស់ទាំងស្រុង និង ឆេះរាលដល់បន្ទប់ជួលទំហំ ០៤ម៉ែត្រគុណនឹង០៦ម៉ែត្រចំនួន ២៤បន្ទប់ អស់ទាំងស្រុង, ផ្ទះថ្មប្រក់ស័ង្កសី មានទំហំ១០ម៉ែត្រគុណនឹង១០ម៉ែត្រចំនួន០១ខ្នង(ខូចខាតប្រហែល៨០%) , ក្រណាត់ចំនួន០៥តោនអស់ទាំងស្រុង, ម៉ូតូចំនួន ០៥គ្រឿង, កង់ចំនួន ០១ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍នេះពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ តែមានពលរដ្ឋ៤នាក់រងរបួសរួមមាន១-យ៉ាង សុភី ភេទស្រី អាយុ៣៥ របួសស្រាល ,២-យ៉ាង ភារុន ភេទស្រី អាយុ៣០ របួលស្រាល ,៣-យ៉ាង លីគៀវភេទស្រី អាយុ២៨ របួលស្រាល និង៤-យ៉ាង គឹមសសន ភេទស្រី អាយុ២៣ របួសស្រាល ។

សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ៣០គ្រឿងជួយធ្វើអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់១៤៨ឡាន ហើយរលត់ទាំងស្រុង នាវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *