ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការអប់រំ ជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានកំណតការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តម លើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមនិងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន  ខេង ជាតំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយ យុវជន យុវនារី សរុបចំនួន១០០០នាក់ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ឯកឧត្តម  សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើយុវជន ដែលជាសសរទ្រូងប្រទេសជាតិ តាមរយៈការផ្តល់ការសិក្សា ប្រកបដោយគុណភាព និងមានសមត្ថភាពអាចចូល ទៅកាន់ទីផ្សារដោយងាយស្រួល។ តាមរយៈក្រសួងអប់រំយុវជន និងកីឡា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ យុវជន សំដៅផ្តល់ឱកាសឲ្យយុវជនគ្រប់រូបអភិវឌ្ឍសមត្ថភាពប្រកបដោយឆន្ទៈ សេចក្តីព្យាយាម និងមនសិការវិជ្ជាជីវៈ។ តាមរយៈគោលនយោបាយជាតិនេះ គឺរាជរដ្ឋាភិបាលមាន ចក្ខុវិស័យរយៈពេលវែង ដោយប្រមូលផ្តុំកម្លាំង មកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ សំដៅរួមចំណែកអភិវឌ្ឍយុវជនឲ្យកាន់តែមានលក្ខណៈសម្បត្តិវិជ្ជមាន និងផ្តល់ឲ្យយុវជនអភិវឌ្ឍ សក្តានុពលក្នុងការអប់រំ ការងារ សុខភាព ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ ប្រទេសជាតិ និងសកលលោក។

ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ជាមួយគ្នានេះរាជរដ្ឋាភិបាល បានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯងនិងបំពេញតម្រូវការកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *