ក្មេងស្រីម្នាក់ ដែលតែងតែទៅតាមម្តាយ ទៅធ្វើការសំណង់ លង់ទឹកស្រះឈូក

បន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់ ដែលតែងតែទៅតាមម្តាយធ្វើការសំណង់ នាងក៏បានសុំម្តាយទៅរាវគ្រំនៅក្នុងអាងទឹកជាមួយក្មេងដទៃ ជាអកុសលត្រូវលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិត កើតឡើងនៅវេលាម៉ោង១១និង០៥នាទីព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច អាងឈូក ខាងលិចភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចស្រុកអូរជ្រៅ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សួន ស្រីពេជ្រ អាយុ៧ឆ្នាំ នៅភូមិជ្រៃ ឃុំចង្ហាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងគ្រោះលង់ទឹកអាងឈូកដែលអាងមានបណ្តោយ១០០ម៉ែត្រទទឹង១៥ម៉ែត មានជម្រៅ៣ម៉ែត្រ ជាស្រះសហគមន៍ ។

បើឆ្លងតាមការបំភ្លឺរបស់ឈ្មោះ សួន ចៃ អាយុ៣៨ឆ្នាំ រស់នៅភូមិជ្រៃ ជាមួយគ្នា ត្រូវជាម្តាយបង្កើតរបស់សព បានបញ្ជាក់ថា «កូនស្រីរបស់គាត់ បានទៅធ្វើការសំណង់(ធ្វើផ្ទះ)ជាមួយគាត់ជារៀងរាល់ថ្ងៃ ,លុះប្រហែលម៉ោង១០និង១៥នាទី កូនស្រីរបស់គាត់បានសុំទៅរាវគ្រំ នៅក្នុងអាងឈូក ជាមួយក្មេងៗនៅភូមិឈូក ។ក្រោយមកក្មេងៗដែលទៅលេងទឹកនោះ បានរត់មកប្រាប់គាត់ថា «ស្រីពេជ្រ លង់ទឹកហើយ»ពេលនោះបងប្អូនធ្វើការសំណង់ បានជួយរាវរកក៏ឃើញសពក្មេងស្រី បានបាត់បង់ជីវិតបាត់ទៅហើយ ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា «ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០២៣នេះ មានមនុស្សស្លាប់ដោយសារលង់ទឹកចំនួន២០នាក់  បន្ថែម០១នាក់ទៀតសរុបចំនួន២១នាក់»៕(ប៉ូចគឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *