ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា អ្នកសារព័ត៌មាន និងព័ត៌មានតាមបណ្ដាញសង្គម មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមនិងរក្សាសន្តិភាព

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងថា «សារព័ត៌មាន ជាអំណាចទី៤ មិនអាចខ្វះបាននៅកម្ពុជាហើយអ្នកសារព័ត៌មាន និង ព័ត៌មានតាមបណ្ដាញសង្គម មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គម និង រក្សាសន្តិភាព »។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានអ្នកសារព័ត៌មានអាជីព និងអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គមប្រមាណ៤ពាន់ចូលរួម ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិស័យព័ត៌មាន រាប់ទាំងព័ត៌មានដែលមានអាជ្ញាបណ្ណ និងអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត, ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋាន ក្នុងការកែលម្អចំណុចខ្វះខាត នានា សំដៅ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព ។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេសកន្លងមក, វិស័យព័ត៌មានបានចូលរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន ទី១-ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២-ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើដល់ក្រោម និងពីក្រោមឡើងលើ, ទី៣-ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល, ទី៤-ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥-ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព ដែលបៀបដូចជាថ្នាំពេទ្យដ៏ពិសិដ្ឋសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺប្រៀបដូចជាថ្នាំពុលសម្រាប់សង្គមជាតិទៅវិញ ។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ នៅតែបន្តការបេ្តជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ, សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ 

ទន្ទឹមនឹងនេះ, ក៏តែងបានយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អនៃការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាបាននូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយដោយស្មើភាព, គ្មានការរើសអើង, គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ ។ 

រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា គឺខិតខំប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីផលវិជ្ជមានសម្រាប់ជាតិ និងប្រជាជន ដោយផ្តោតលើកិច្ចការសំខាន់ចំនួន ២ គឺ ទី១-ការជួយគ្នាក្នុងផលវិជ្ជមាន និង ទី២-ការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ចំណុចអវិជ្ជមាន។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ការចូលរួមចំណែកបង្កើនភាពវិជ្ជមានក្នុងសង្គមជាតិ ព្រមទាំងការកាត់បន្ថយនិងសំដៅឈានទៅលុបបំបាត់ភាពអវិជ្ជមាន គឺប្រៀបបាននឹងកម្លាំងចលករក្នុងការរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍ, វឌ្ឍនភាពសង្គម និងការសម្រេចនូវក្តីស្រមៃសម្រាប់យុវជនទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងតទៅអនាគត។ 

ឯកឧត្តម បណ្ឌិត ថ្លែងទៀតថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ, ការបង្ហាញអំពីតថភាពសង្គម, ការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម, ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាតផ្សេងៗ ដើម្បីនឹងកែលម្អឱ្យល្អប្រសើរ។ 

អ្វីដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោយសារប្រទេសជាតិមានសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ៕(ដោយ ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *