ប្តីបើកម៉ូតូឌុបប្រពន្ធឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឱ្យប្រពន្ធបាត់បង់ជីវិត

ពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូបើកឆ្លងផ្លូវ នៅលើផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ចំណុចមុខផ្ទះឈ្មោះ ជួប ណែម ស្ថិតនៅភូមិដំណាក់អំពិលឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៩នាទីព្រឹក បណ្តាលឱ្យអ្នករួមដំណើរជាប្រពន្ធបាត់បង់ជីវិត ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AL-3316 បើកបរដោយឈ្មោះ ជ សឿន ភេទប្រុស អាយុ៥៧ឆ្នាំមុខរបរកសិករ រស់នៅភូមិកោះធំ ឃុំស្តុកបរវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង និង អ្នករួមដំណើរម្នាក់ ត្រូវជាប្រពន្ធឈ្មោះថន ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា ។

លុះមកដល់ចំណុចកើតហេតុខាងលើបានជិះចេញពីក្នុងភូមិ ហើយបានឆ្លងផ្លូវពីកើតទៅលិច ក៏ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវ ស៊េរី២០០២ ពាក់ស្លាកលេខកំពង់ធំ 3A-1813 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណឹប ប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិធ្លាម្អម ឃុំបឹងកន្តួត ស្រុកក្រគរខេត្តពោធិ៍សាត់បានបុកម៉ូតូចំពីចំហៀងខាងស្តាំម៉ូតូតែម្តង។

ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ថន ម៉ាប់ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបាក់ចិញ្ចៀន ,ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់នៅក្នុងមណ្ឌលសុខភាព ចំណែកអ្នកបើកបរម៉ូតូពុំមានរងរបួសអ្វីទេ។

បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា«ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន» ,ឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីដោះស្រាយ តាមនីតិវិធី៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *