ផឹកស៊ីទំនាស់ពាក្យសម្តី ក្មួយកាប់ពូឱ្យរបួស នៅស្រុកបាណន់

បាត់ដំបង ៖ មានករណីប្រើអំពើហិង្សាដោយចេតនា ដោយប្រើប្រាស់កាំបិតកាប់លើគូទំនាស់ឱ្យរបួស កើតឡើងកាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់ នៅចំណុចទួលព្រិច ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

សមត្ថកិច្ចនិយាយថា អំពើហិង្សានេះបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ឈាន ឆេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានប្រើប្រាស់កាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះដែលត្រូវជាឪពុកមារបស់ខ្លួនឈ្មោះ តែង រ៉ាន់ អាយុ៤៤ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ខេត្តបាត់ដំបង ចំនួន ០២កាំបិត បណ្តាលឱ្យរងបួសថ្ងាស០១កន្លែង និងរបួសថ្គាមខាងឆ្វេងរហូតដល់ស្លឹកត្រចៀក០១កន្លែង។

ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលស្រុកបាណន់ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោសំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យបានសារភាពថា «ពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន»។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នាក្នុងពេលកំពុងផឹកស្រាជាមួយគ្នា។ សម្ភារៈដកហូតបាន កាំបិតតាំងតោ ចំនួនមួយ។នាពេលនេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *