ព័ត៌មានបន្ថែម ករណីឆេះស្លាប់៨នាក់ អតីតក្លឹបអិច ដែលសមត្ថកិច្ចធ្លាប់បង្ក្រាប

ភ្នំពេញ ៖ មកទល់ពេលនេះ ការជជែកវែកញែកចម្ងល់ថា មូលហេតុអ្វីបានមានមនុស្ស រហូតទៅដល់៨នាក់ នៅក្នុងអគារដែលបានបិទនិងកំពុងជួសជុល ហើយក៏ត្រូវបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ កាលពីវេលាម៉ោង​ ៥និង១០នាទីល្ងាច ថ្ងៃសៅរ៍ទី០១ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មហាជនខ្លះនិយាយដោយការសង្ស័យថា ទីតាំងខាងលើនេះ អាចជាទីតាំងផ្ដល់នូវសេវាកម្ម សេពគ្រឿងញៀន ។ អ្នកដែលស្លាប់នៅក្នុងបន្ទប់ទាំង៨នាក់នោះ ប្រហែលកំពុងនាំគ្នារីករាយ ដូចឡើងឋានព្រះចន្ទ ដោយមិនបានដឹងថា នៅខាងក្រៅមានអគ្គីភ័យឡើយ ។ ពួកគេទាំង៨នាក់ មានចិន៧នាក់ និងខ្មែរម្នាក់ ( ប្រុស៦ ស្រី២ ) បានថប់ដង្ហើមដោយសារផ្សែងខ្លាំង ។ បើច្រៀងលេងសប្បាយធម្មតា នោះមិនខ្វះទេទីតាំងខារ៉ាអូខេ មិនចាំបាច់មកផឹកច្រៀង នៅអគារកំពុងបិទជួសជុលនោះឡើយ ។

ប្រភពបានបន្តថា ក្នុងករណីនោះ ទាំងសមត្ថកិច្ចនិងអាជ្ញាធរដែនដី ពុំមាននរណាម្នាក់ចាប់អារម្មណ៍ថា មានមនុស្សនៅក្នុងទីតាំងនោះទេ ព្រោះបិទកំពុងជួសជុល និងមានកម្មករប្រមាណជា៤នាក់ បានចាកចេញអស់ ហើយត្រូវសមត្ថកិច្ចឃាត់សួរនាំសិន ។ ក្រោយពីក្រុមពន្លត់អគ្គីភ័យគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោងប្រមាណជិត៧យប់ សមត្ថកិច្ចនិងអាជ្ញាធរមួយចំនួនធំ ក៏បានដកចេញពីកន្លែងកើតហេតុ ទុកមួយចំនួននៅធ្វើការងារបន្ត ។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែទទួលព័ត៌មានមកថា បានរកឃើញសាកសពនៅក្នុងបន្ទប់ ចំនួន២ សរុប៨នាក់ ។ ទីតាំងមួយនេះ កាលពីអំឡុងខែសីហា ឆ្នាំ២០២០ មានយីហោ ក្លឹបអិច ( X entertainment) ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បង្ក្រាបជាក់ស្ដែង ដោយសារបំពានសេចក្ដីណែនាំជាច្រើនលើកច្រើនសាររួចឃាត់ខ្លួនមនុស្សប្រហែល១០០នាក់ និងថ្នាំញៀនមួយចំនួន ។ ទីតាំងខាងលើ មានឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ជាម្ចាស់អគារ ។ 

ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយការបិទបញ្ចប់នៃការរុករកនិងសង្គ្រោះ សមត្ថកិច្ចបានរកឃើញ សាកសពមនុស្សសរុបចំនួន៨នាក់ ក្នុងនោះមានប្រុស៦នាក់ និងស្រី២នាក់ ឯចំពោះមូលហេតុ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ។ លោកបានបញ្ជាក់ថា ទីតាំងនេះមិនដំណើរការឡើយ ដោយបិទកំពុងធ្វើការជួសជុលហើយចំពោះមូលហេតុអ្វីបានជាមានមនុស្សច្រើន នៅក្នុងអគារនេះ ក៏សមត្ថកិច្ចកំពុងស្រាវជ្រាវផងដែរ ។ 

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី២ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះក៏បានប្រាប់ឲ្យដឹងថា ទីតាំងដែលឆេះស្លាប់មនុស្ស៨នាក់នោះ ជាទីតាំងខារ៉ាអូខេ និងសណ្ឋាគារយីហោ «6969 ឃីស» អ៉ិនធេីធេនមិន ឯ.ក មូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *