ចិន២នាក់ ជួលឡានទៅខេត្តព្រះសីហនុ ដល់ពាក់កណ្ដាលផ្លូវប្លន់តែម្ដង

ព្រះសីហនុ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់បាន ក្រោយធ្វើសកម្មភាព វាយនិងចាក់អ្នកបើកបររថយន្ត ដើម្បីប្លន់រថយន្តវេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣   នៅចំណុចស្ថានីយ៍ប្រេងតូតាល់ ផ្លូវល្បឿនលឿន ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ 

ជនសង្ស័យឈ្មោះ JIN JR-HAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងទី២-ឈ្មោះ KANG JIH-YAO រឺ ឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ សញ្ជាតិថៃ អាយុ៣៧ឆ្នាំ រីឯជនរងគ្រោះជាជនជាតិខ្មែរបើកបររថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 បានរងរបួសធ្ងន់ ។ 

សមត្ថកិច្ចឱ្យដឹងថា ថៅកែរបស់ជនរងគ្រោះ បានរាយការណ៍មកសមត្ថកិច្ចថា អ្នកបើកបររថយន្តរបស់គាត់ ដែល ដឹកភ្ញៀវចិន២នាក់ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន ឥឡូវត្រូវភ្ញៀវនៅវាយនិងចាក់ប្លន់ យករថយន្តរួចបានបើករថយន្តគេចខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំង នគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន០២នាក់ នៅចំណុច បញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ករណីខាងលើនេះ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីជំនាញ ៕ ដោយ ៖ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *