ឌីមីទ្រី ម៉េតវេដេវ ៖ ជំនួយយោធារបស់ណាតូដល់អ៊ុយក្រែន នាំសង្គ្រាមលោកលើកទី៣ មកកាន់តែឆាប់

បរទេស ៖ លោក ឌីមីទ្រី ម៉េតវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បច្ចុប្បន្នជាអនុលេខាក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី ដែលដឹកនាំដោយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា «ការកើនឡើងនៃជំនួយយោធាដល់អ៊ុយក្រែន ដោយសម្ពន្ធមិត្តណាតូ នាំសង្គ្រាមលោកលើកទីបីមកកាន់តែកៀក»។

នៅថ្ងៃដំបូង ការធ្វើអត្ថាធិប្បាយក្នុងនៃកិច្ចប្រជុំកំពូលរបស់សម្ពន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសលីទុយអានី កន្លែងដែលប្រទេសមួយចំនួនបានសន្យាផ្តល់ជំនួយផ្នែកសព្វាវុធនិងហិរញ្ញវត្ថុបន្ថែមទៀតនោះ ,លោកម៉េតវេដេវបាននិយាយថា «ជំនួយនេះនឹងមិនរារាំងរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះឡើយ»។

លោកម៉េតវេដេវ បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា «លោកខាងលិចដ៏ឆ្កួតលីលាទាំងស្រុងនេះមិនអាចដោះស្រាយអ្វីបានទាំងអស់…តាមពិតទៅ វាជាការទាល់ច្រកទៅហើយ។ សង្គ្រាមលោកលើកទី៣ កាន់តែខិតជិតមកដល់ហើយ។ តើទាំងអស់នេះមានន័យយ៉ាងណាសម្រាប់ពួកយើង? អ្វីគ្រប់យ៉ាងគឺជាក់ស្តែង។ កិច្ចប្រតិបត្តិការយោធាពិសេសនឹងបន្តជាមួយនឹងគោលដៅដដែល»។

រុស្ស៊ី​បានហៅ​សកម្មភាព​របស់ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា «កិច្ចប្រតិបត្តិការ​យោធា​ពិសេស»។ ខណៈ​រដ្ឋាភិបាលក្រុង​គៀវនិង​សម្ពន្ធមិត្ត​និយាយ​ថា «រដ្ឋាភិបាលក្រុង​មូស្គូ​កំពុង​ធ្វើ​សង្រ្គាមដោយ​គ្មានការបង្ករឿង ​ដើម្បី​ដណ្តើម​យក​ទឹកដីនិង​ត្រួតត្រា​ប្រទេស​ជិតខាង»។

ចំណែកលោកខាងលិចនិយាយថា «ខ្លួនចង់ជួយអ៊ុយក្រែនឈ្នះសង្រ្គាម ហើយមហាអំណាចលោកខាងលិច បានផ្គត់ផ្គង់សព្វាវុធទំនើបៗ និងគ្រាប់យ៉ាងច្រើនដល់រដ្ឋាភិបាលក្រុងគៀវរួចហើយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *