ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន១៩ថង់ធំ នៅស្រុកសង្កែ

បាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង ដឹកនាំដោយលោកវសេនីយ៍ទោ ប៉ានចាន់រិទ្ធ នាយការិយាល័យ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១១និង១០នាទី ។

នគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហង់ សុផល ហៅគួយ ហៅដាល់ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ១៩ថង់ធំ ទម្ងន់ ១.៥៤៥,៧៥ក្រាម និង ទូរសព្ទដៃចំនួន ០១គ្រឿង ។

ចំពោះករណីនេះ ជនសង្ស័យរួមជាមួយវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *