ទាហានស៊ីឈ្នួល Wagner សុខចិត្តប្រគល់អាវុធឱ្យមកយោធារុស្ស៊ីហើយ

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner កំពុងបំពេញការប្រគល់អាវុធរបស់ពួកគេឱ្យទៅយោធារុស្ស៊ី ជាចំណាត់ការមួយ បន្ទាប់ពីមានការបះបោររយៈពេលខ្លីរបស់កងទ័ពឯកជនកាលពីខែមុន ដែលបានផ្គើននឹងរដ្ឋអំណាចសហព័ន្ធរុស្ស៊ី ។

ចំពោះការរំសាយអាវុធរបស់ពួក Wagner ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីសម្រាលការគំរាមកំហែងដែលពួកគេបង្កឡើង ហើយក៏ហាក់ដូចជាប្រកាសពីការបញ្ចប់ប្រតិបត្តិការរបស់ក្រុមទាហានស៊ីឈ្នួល នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ។

ការរំសាយអាវុធនេះ កើតឡើងចំពេលដែលភាពមិនប្រាកដប្រជាជាបន្តបន្ទាប់អំពីជោគវាសនារបស់ប្រធានក្រុមហ៊ុនWagner លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) និង លក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបញ្ចប់ការបះបោរប្រដាប់អាវុធដោយផ្តល់ការលើកលែងទោសដល់គាត់និងទាហានស៊ីឈ្នួលរបស់គាត់ រួមជាមួយនឹងការអនុញ្ញាតឱ្យផ្លាស់ទៅរស់នៅប្រទេសបេឡារូស។

ឯក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ក្នុងចំណោមអាវុធដែលត្រូវបានដកហូតនោះមានសម្ភារជាង ២០០០មុខដូចជារថក្រោះ គ្រាប់រ៉ុក្កែត កាំភ្លើងធំធុនធ្ងន់ និងប្រព័ន្ធការពារអាកាស រួមជាមួយនឹងគ្រាប់រំសេវជាង ២.៥០០ តោននិងកាំភ្លើងជាង ២០.០០០ ដើម។

សេចក្តីថ្លែងការណ៍ខាងលើនេះបានធ្វើឡើង បន្ទាប់ពីមានការទទួលស្គាល់ពីវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទថា លោកព្រីហ្គោហ្ស៊ីននិងមន្ត្រីកំពូល ៣៤ នាក់បានជួបជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី ២៩ ខែមិថុនា គឺប្រាំថ្ងៃបន្ទាប់ពីការបះបោរ។ 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា «មេបញ្ជាការរបស់ក្រុមWagner បានសន្យាភក្ដីភាពចំពោះលោកពូទីន» ហើយថាពួកគេបានត្រៀមខ្លួន «ដើម្បីបន្តប្រយុទ្ធដើម្បីមាតុភូមិ»។

លោកពូទីនបាននិយាយថា «ទាហាន Wagner ត្រូវជ្រើសរើសថាតើត្រូវចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី ផ្លាស់ទៅរស់នៅបេឡារូស ឬ ចូលនិវត្តន៍ពីកាតព្វកិច្ចយោធា»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *