អនុសាខាសមាគមរាជសីហ៍ ស្រុកជាំក្សាន្ត សាខាខេត្តព្រះវិហារ នាំយកអំណោយជូនដូនចាស់ម្នាក់ ដែលមានជីវភាពខ្វះខាត រស់នៅជាមួយចៅតូច

ស្រុកជាំក្សាន្ត ,ខេត្តព្រះវិហារ ៖ លោកឆេង​ សុខម៉េង ប្រធាន អនុសាខាសមាគមរាជសីហ៍ ស្រុកជាំក្សាន្ត តំណាងលោក មុត ភិសិទ្ធនា ប្រធានសាខាខេត្ត និងប្រធាន អនុប្រធាន ក្រុមប្រឹក្សាយោបល់ ព្រមទាំង សមាជិក សមាជិកាជាច្រើនរូប នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដូនចាស់ម្នាក់ ដែលក្រខ្សត់ កំពុងរស់នៅជាមួយចៅតូច ។ 

លោកយាយ សុះ ប៉ូ អាយុ ៨២ឆ្នាំ កំពុងស្នាក់នៅក្នុងខ្ទមតូច ជាមួយចៅប្រុស ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបង្ហាញទឹកចិត្តដោយក្ដីរំភើបត្រេកអរ នៅពេលទទួលបាន នូវអំណោយសប្បុរសនាពេលនេះ រួមមាន អង្ករ៥០គីឡូក្រាម, ទឹកស៊ីអ៉ីវ១យួរ, ទឹកត្រី១យួរ,ទឹកបរិសុទ្ធ ១យួរ, ស្កសរ១គីឡូក្រាម, មី១កេស , ត្រីខមួយប្រអប់ និង ថវិកា១០ម៉ឺនរៀល(ដប់ម៉ឺនរៀល)។

លោកយាយមានប្រសាសន៍ថា លោកយាយរស់នៅជាមួយប្រុសតូចម្នាក់អាយុ៨ឆ្នាំ ហូបខ្វះព្រឹកខ្វះល្ងាច ដោយមានចៅជួយមើលថែ បន្ទាប់ពីកូនប្រុសគាត់ម្នាក់ ទៅបំពេញការងារឯទីឆ្ងាយបាត់ទៅ ។សូម្បីតែថវិកាទិញអាហារលោកយាយក៏ត្រូវជំពាក់គេ ដើម្បីទិញម្ហូបដោះស្រាយមួយគ្រាៗដែរ។ គ្រឿងឧបភោគបរិភោគ និងអង្ករ ដែលលោកយាយទទួលបាន ពិតជាអាចជួយដល់លោកយាយ និងចៅ គ្រាន់ដោះស្រាយអាហារ ប្រចាំថ្ងៃមួយរយៈពេលដែរ ហើយថវិកាដែលទទួលបាន លោកយាយយកទៅសង ថ្លៃជំពាក់ទិញអង្ករគេ ។ 

លោកយាយសូមថ្លែងអំណរអរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម។

លោក ឆេង​ សុខម៉េង បានជម្រាបលោកយាយថា អំណោយនាពេលនេះ កើតឡើងពីទឹកចិត្ត តាមទិសដៅមនុស្សធម៌របស់សមាគមន៍ ដែលមានឯកឧត្តម ស៊ូម សារឿន ជាប្រធានសមាគមរាជសីហ៍ ក្នុងការជួយដល់គ្រួសារដែលខ្វះខាតនៅគ្រប់ទិសទី និងកិច្ចការសង្គមផ្សេងៗ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានរំដោះប្រជាជាតិទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេស មានការរីកចម្រើននិងមានសុខសន្តិភាព រហូតមកទល់សព្វថ្ងៃ ។

លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀង១៨ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ៕(ដោយ យស់ ហៃសុករា)

Leave a Reply

Your email address will not be published. Required fields are marked *