ស្រវឹងស្រា វាយប្រពន្ធរហូតដល់បាត់ដង្ហើម នៅស្រុករតនមណ្ឌល

បាត់ដំបង ៖ បុរសម្នាក់បានយកដំបងឫស្សីវាយសំពងលើប្រពន្ធចំនួន៣០ដំបង បណ្តាលឱ្យស្លាប់ភ្លាមៗ កាលពីថ្ងៃអង្គារទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១និង៣០នាទីទៀបភ្លឺ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សមត្ថកិច្ចនិយាយថា ដំបូងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានទទួលពាក្យបណ្តឹងពីកូនរបស់ជនរងគ្រោះឈ្មោះ ផល សំណាង ភេទប្រុស រស់នៅភូមិលំផាត ឃុំអូរដារ ស្រុកកំរៀងខេត្តបាត់ដំបង ថា «មានករណីឃាតកម្មឪពុកគាត់សម្លាប់ប្រពន្ធ( ប្ដីសម្លាប់ប្រពន្ធ) មួយកើតឡើង នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង»។


ក្រោយទទួលព័ត៌មានពីកូនរបស់ជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កម្លាំងនគរបាលស្រុករតនមណ្ឌល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការស្រុក បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សុភាព ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យឈ្មោះជា សុភាព បានសារភាពថា«ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឫស្សីវាយទៅលើប្រពន្ធឈ្មោះឆូយ វន អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ចំនួន ៣០ដំបង បណ្តាលអោយស្លាប់ពិតប្រាកដមែន»។ វត្ថុតាងដកហូតបានគឺ ដំបងឫស្សីប្រវែង ៩៤សង់ទីម៉ែត្រ ចំនួន ០១ដើម។ 

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា គ្រួសារនេះតែងតែមានអំពើហិង្សាឈ្លោះប្រកែកវាយតប់គ្នាទៅវិញទៅមកនិងផឹកស្រាស្រវឹងជាប់ជាប្រចាំ។ ពេលនេះ សមត្ថកិច្ចនគរបាលជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *