ផ្ទប់និងជង់ឬស្សីស្លាប់ ខណៈបើករថយន្ត ជ្រុលទៅបុករថយន្តដឹកឬស្សី

ពោធិ៍សាត់ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈបើករថយន្តពេលយប់ងងឹត ជ្រុលទៅបុករថយន្តដឹកឬស្សី កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរខេត្ដពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ បើករថយន្តម៉ាក RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-2468 ឯរថយន្តធន់ធំដឹកឬស្សី ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1280 តៃកុងរត់បាត់ ។ 

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ រថយន្តជនរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ មើលមិនឃើញ ជ្រុលបុកចូលពីក្រោយរថយន្ត ដឹកដើមឫស្សី កំពុងបើកស្របទិស ដឹកហៀរលយចេញពីទ្រុង និងគ្មានសញ្ញាបំភ្លឺ បណ្ដាលឱ្យឬស្សីបុកធ្លាយកញ្ចក់ជង់ ស្លាប់នៅក្នុងរថយន្ត ។ ឃើញហេតុការណ៍បែបនេះ តៃកុងរថយន្តដឹកឬស្សី បានរត់ចោលរថយន្តគេចខ្លួនបាត់ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យ និងវាស់វែងតាមនីតិវិធី យករថយន្តទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោកខេត្ត ឯសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *