ឯកឧត្តម ស សុខា ៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ដោយលើកឡើងថា “សាររបស់សម្តេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនកាេជាតិគ្រប់ជ្រុងជ្រោយ”។ ការបង្ហោះសារបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេស កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសារឯកឧត្តម ស សុខា បានលើកឡើងថា ៖ សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការសម្រេចជាឯកច្ឆ័ន របស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេសព្រះរាជតម្រិះរិះ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជារៀបចំផែនការជាតិដ៏គត់មុត ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយមសម្រាប់ជាឧត្ដមប្រយោជន៍ នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាព នៃស្ថាប័នជាតិ រួមមាន ៖ រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។ 

ក្នុងសារដដែល ឯកឧត្តម ស សុខា បានបន្តថា ៖ នេះគឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរកសាលារៀនបានសម្រាប់ខ្លួនខ្ញុំផ្ទាល់ក្ដី និងអ្នកបន្តវេនដទៃទៀតក្ដី។ ទន្ទឹមនឹងការគោរពនូវសេចក្ដីថ្លែងសារដ៏សំខាន់បំផុតសម្រាប់ជាតិ ខ្ញុំ និងគ្រួសារព្រមទាំងក្រុមការងារ សូមសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវការចាត់តាំង ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសសភាព គណៈរដ្ឋមន្ត្រីថ្មីមួយ ទៅសុំសេចក្ដីទុកចិត្ត ពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ។ 

ឯកឧត្តម ស សុខា បន្តទៀតថា ៖ ជាអត្តនោម័តរបស់ខ្ញុំ ដែលតែងតែ បានប្រាស្រ័យទាក់ទង ពិភាក្សាការងារជាមួយគ្នា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះពេញលេញ មានព្រហ្មវិហារធម៌ និងមានទឹកចិត្តជាកុសលដ៏ទូលំទូលាយបើកចំហរលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំយើងខ្ញុំ និងរាជរដ្ឋាភិបាល ជារួមគឺ កម្ពុជាទាំងមូល ដែលនឹងនាំមកនូវអធិបតេយ្យជាតិ ពោលគឺ ធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋ រស់នៅដោយសុខសាន្តសំបូរសប្បាយ តាមពាក្យស្លោក«ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ៖ ពិតហើយថាគ្មានការជួបជុំណា ដែលថាមិនបែក និងទោះបីដឹងថា ពេលណាមួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល ព្រលែងដៃប្រគល់ឱ្យ អ្នកបន្តវេនជំនាន់ក្រោយ រួមគ្នាដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក។ 

សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជរដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំ និងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀន ដឹកនាំរបស់លោក មិនអាចប្រកែកបាន។ យើងខ្ញុំ នៅតែចងចាំ និងដឹងនូវគុណូបការៈ មិនអាចបំភ្លេចបានឡើយ ជាពិសេស នៅតែបន្តរៀនសូត្រលុះអវស្សន្តពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់»។

ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា បានគោរពជូនពរសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់របស់បក្ស និងរាជរដ្ឋាភិបាល ពោរពេញដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ ដើម្បីជាម្លប់នៃយើងខ្ញុំ និងប្រជាពលរដ្ឋជាពិសេស ឈរពីក្រោយជួយជ្រោងទង់កម្ពុជា ឱ្យខ្ពស់ត្រដែត លើឆាកអន្តរជាតិ៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *