លួចយ៉ាងសកម្មនៅតាមបណ្តាខេត្ត អស់លក្ខណ៍ត្រឹមនគរបាលក្រុងសំរោង

ឧត្តរមានជ័យ ៖ នគរបាលក្រុងសំរោង បានឃាត់ខ្លួនជនសង្ស័យឆ្លងខេត្តម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពជាមួយប្រពន្ធលួចម៉ូតូនិងទូរសព្ទដៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណស្តង់ទិញ-លក់ដំឡូង ស្ថិតនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចនិយាយថា លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់លោកវរសេនីយ៍ទោសត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញផែន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកូនក្រៀល ចុះធ្វើការពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវក្នុងករណី លួចម៉ូតូ និងទូរសព្ទដៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីអធ្រាត្រ នៅចំណុចក្នុងបរិវេណស្តង់ទិញ-លក់ដំឡូង។

សមត្ថកិច្ចបន្តថា ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នគរបាលកំណត់បានអត្តសញ្ញាណជនប្រព្រឹត្តិបទល្មើស និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រុស លី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិគោកចាន់រ៉ី សង្កាត់កូនក្រៀល ដែលជាមុខសញ្ញាសកម្មលួចឆ្លងខេត្ត រួមទាំងវត្ថុតាង ដែលបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ ជារបសជនរងគ្រោះឈ្មោះ លឿយ នេតភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល និងទូរសព្ទដៃ ០២គ្រឿង ម៉ាកសាមស៊ុងពណ៌ខ្មៅ ០១គ្រឿង របស់ឈ្មោះ សល់ សៀល ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀលនិងម៉ាកអាយហ្វូន ៧ផ្លាស់ ពណ៌ខ្មៅ ០១គ្រឿង ជារបស់ឈ្មោះ ដែន ចន្តា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កន្លងមករូបខ្លួន និងប្រពន្ធធ្លាប់បានធ្វើសកម្មភាពលួចទូរសព្ទដៃ លួចកង់ និងលួចម៉ូតូនៅខេត្តសៀមរាបបានចំនួន ០៤លើក ព្រមទាំងធ្វើសកម្មភាពលួចទូរសព្ទ និងម៉ូតូ ក្នុងខេត្តឧត្តរមានជ័យចំនួន ០២លើក ហើយករណីចុងក្រោយលួចម៉ូតូ និងទូរសព្ទ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសំរោង ឃាត់ខ្លួនរួមទាំងវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកវត្ថុតាងមានម៉ូតូ និងទូរសព្ទដៃ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនម្ចាស់ដើមវិញ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *