ទាហានកងម៉ារីនប្រទេសម៉ិកស៊ិក រឹបអូសបានមេតំហ្វេតាមីនរាវ៧.២០០ ដប

បរទេស ៖ ទាហានកងម៉ារីនប្រទេសម៉ិកស៊ិក ដែលកំពុងបំពេញកាតព្វកិច្ចគយ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថាពួកគេបានរកឃើញកុងតឺន័រដឹកជញ្ជូនមួយ ដែលផ្ទុកដបទឹកសុទ្ធចំនួន ៧.២០០ ដប ដែលមានស្លាកជាតិអាល់កុលសម្រាប់ផលិតស្រា ប៉ុន្តែតាមពិតវាមានផ្ទុកសារធាតុមេតំហ្វេតាមីនរាវ។

ចំពោះការ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ដ៏​ធំ​នេះ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​កប៉ាល់​ដោត​ទង់ជាតិ​លីបេរីយ៉ា​ នៅ​កំពង់ផែឆ្នេរ​ប៉ាស៊ីហ្វិក ម៉ាន់ហ្សានីលឡូ (Manzanillo) ហើយកុងតឺន័រ​មាន​ទិសដៅ​ទៅ​ប្រទេស​អូស្ត្រាលី​ ។នេះ​បើ​យោង​តាម​ឯកសារ​ដឹក​ជញ្ជូន។

ទាហានកងម៉ារីនបាននិយាយថា «ការដឹកជញ្ជូននេះមានផ្ទុកនូវសារធាតុថ្នាំញៀនចំនួន ៩,៥ តោន ទោះបីជាទម្ងន់គ្រឿងញៀនស្ងួតមានតិចជាងនេះក៏ដោយ ហើយដបទាំងនោះមានម៉ាកយីហោ Mezcal Social ហើយត្រូវបានសម្គាល់ថាជា ធាតុផ្សំសម្រាប់ផលិតស្រា»។

គិតមកទល់ពេលនេះ ទាហានកងម៉ារីនម៉ិកស៊ិក បានរឹបអូសថ្នាំញៀនជាង ១២៤ តោននៅទូទាំងប្រទេស។ វាមិនមែនជាលើកទីមួយទេ ដែលក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិលើគ្រឿងញៀន បានព្យាយាមរត់ពន្ធគ្រឿងញៀនទៅកាន់ប្រទេសអូស្ត្រាលី ឬ ក្នុងទម្រង់វត្ថុរាវ។

នៅក្នុងឆ្នាំ ២០២២ មន្ត្រីក្នុងទីក្រុងហុងកុងបានរឹបអូសបានថ្នាំញៀនគ្រីស្តាល់តម្លៃ ៥,៩ លានដុល្លារ ដែលលាក់ទុកក្នុងកុងតឺន័រដឹកជញ្ជូនឧបករណ៍បំប្លែងអគ្គិសនី ដែលឆ្ពោះទៅអូស្ត្រាលីពីម៉ិកស៊ិក។

ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ពួកគេបានរាយការណ៍ថា«បានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនរាវ ២ តោនលាក់ទុកក្នុងដបដែលបិតស្លាកទឹកដូង ដែលបានមកពីម៉ិកស៊ិកតាមសមុទ្រ។ គ្រឿងញៀនដែលគេប៉ាន់ប្រមាណថាមានតម្លៃ១៤០ លានដុល្លារ​នេះគឺជាការរឹបអូសថ្នាំញៀនដ៏ធំបំផុតនៅហុងកុង»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *