ឆេះភោជនីយដ្ឋានពន្លឺថ្មី នៅក្រុងបានលុង សង្ស័យទុស្សេខ្សែភ្លើង

រតនគិរី ៖ មានករណីភ្លើងឆេះភោជនីយដ្ឋានយីហោពន្លឺថ្មី មានទីតាំងស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី កាលពីវេលាប្រហែលម៉ោង១១និង៣០ នាទីយប់ ថ្ងៃទី២៧ឈានចូលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣។

ម្ចាស់ហាងពន្លឺថ្មីឈ្មោះតាទ្រី បានឱ្យដឹងថា ខណៈពេលដែលគាត់កំពុងដេកលង់លក់ក្នុងបន្ទប់ក្នុងភោជនីយដ្ឋានកើតហេតុនេះស្រាប់តែមានអ្នកនៅជាមួយគាត់ម្នាក់ទៀតមកដាស់គាត់ថា«មានភ្លើងឆេះហាង»។ គាត់មានការតក់ស្លុតយ៉ាងខ្លាំងរត់ចេញមកក្រៅទាំងគ្មានសម្លៀកបំពាក់ត្រឹមត្រូវ ហើយសម្ភារមានតម្លៃនិងលុយមួយចំនួនធំត្រូវអគ្គីភ័យឆេះអស់ហើយ។

ម្ចាស់ហាងខាងលើបញ្ជាក់ឲ្យដឹងទៀតថា គាត់បាត់ម៉ូតូ១គ្រឿងម៉ាកZoomer X ពាក់ស្លាកលេខរតនគិរី 2572 ពណ៌ក្រហមលាយស ក្នុងចំណោមម៉ូតូ៣គ្រឿងហើយទ្វារម្ខាងក្នុងហាងដែលគាត់ចាក់សោពីខាងក្នុង ពេលគាត់ស្ទុះចេញក្រៅហាងទ្វារ អត់ឃើញមេសោ។ ម្ចាស់ភោជនីដ្ឋានពន្លឺថ្មី បានសំណូមពរដល់សមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូដែលបាត់នោះនឹងដឹងតម្រុយមូលហេតុហើយ។

នគរបាលពន្លត់អគ្គីភ័យខេត្តរតនគិរីបានឱ្យដឹងនៅព្រលឹមថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣នេះថា កម្លាំងអន្តរាគមន៍ប្រើប្រាប់ឡានទឹកអស់ជាង៤០ឡាន ហើយរហូតមកដល់វេលាម៉ោងជាង១០ព្រឹក ទើបគ្រប់គ្រងស្ថានការណ៍ ព្រោះដោយសារភោជនីយដ្ឋានពន្លឺថ្មី មានស្ថានភាពស្មុកស្មាញពិបាកឡានទឹកចូល។

យ៉ាងណាក៏ដោយមន្ត្រីនគរបាលពន្លត់អគ្គីភ័យបានសន្និដ្ឋានថា«មូលហេតុឆេះសង្ស័យទុស្សេខ្សែភ្លើង»៕ (ដោយចាប សំអាន)

Leave a Reply

Your email address will not be published. Required fields are marked *