ម៉ូតូបើកបុកជាមួយគោយន្តកន្ត្រៃពីក្រោយ នៅស្រុកក្រឡាញ់

សៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកជាមួយគោយន្តកន្ត្រៃពីក្រោយ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ 358-359 ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ ម៉ោង៤ទៀបភ្លឺ។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1AI-0186 បើកបរដោយឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច ។

លុះដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយ និងគោយន្តកន្ត្រៃមួយគ្រឿងម៉ាក KUBOTA ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរក្នុងទិសដៅពីកើតទៅលិចបណ្តាលឱ្យអ្នកបើកម៉ូតូបាត់បង់ជីវិត។ ពេលកើតហេតុអ្នកបើកបរគោយន្តកន្ត្រៃបានចុះរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន និងគោយន្តកន្ត្រៃបើកបរគ្មានភ្លើងបំភ្លឺផ្លូវពីក្រោយនៅពេលយប់បានត្រឹមត្រូវ ។

ចំណែកវត្ថុតាងទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកក្រឡាញ់ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ ៕( ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *