សន្តិសុខម្នាក់ ធ្វើចោរ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ បុរសជាសន្តិសុខយាមហាងខារ៉ាអូខេម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង៦និង ៣០នាទីព្រលប់ បន្ទាប់ពីបានធ្វើសកម្មភាពលួចកុំព្យូទ័រ នៅចំណុចហាងខារ៉ាអូខេ «DB»ផ្លូវជាតិលេខ១ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៣កក្លដាឆ្នាំ២០២៣ ម៉ោង១២និង៣០នាទីកន្លងទៅ ។

សមត្ថកិច្ចនិយាយថា ដើមបណ្តឹងឈ្មោះ ហូ គឹមលុន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានសន្តិសុខស្នាក់នៅផ្ទះលេខ៩ ផ្លូវ បេតុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យឈ្មោះសៀង កូរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនសង្ស័យជាសន្តិសុខយាមហាងខារ៉ាអូខេ «DB»បានលួចកុំព្យូទ័រលេបថប០២គ្រឿង ម៉ាក Apple យកទៅលក់ឲ្យគេ ០១គ្រឿង បានប្រាក់២៨០ដុល្លារ ស៊ីចាយអស់។ ចំណែក ០១គ្រឿងទៀតយកទៅឱ្យបក្ខពួកឈ្មោះ សម្បត្តិ លក់ឱ្យរួចគេចខ្លួនបាត់រហូត។ 

សមត្ថកិច្ចបន្តទៀតថា លុះមកដល់ថ្ងៃទី២៨កក្កដាឆ្នាំ២០២៣ វេលាម៉ោង៦និង ៣០នាទីព្រលប់ ដើមបណ្តឹងឃើញជនសង្ស័យនៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធីតែម្តង៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *