បុរសចិនម្នាក់បាញ់សម្លាប់ខ្លួនឯង​ ក្នុងដីចម្ការមួយ នៅតែជាអាថ៌កំបាំង

កណ្តាល ៖ បុរសជនជាតិចិនម្នាក់ បានជិះរថយន្តចេញពីសណ្ឋាគារ រួចបាញ់សម្លាប់ខ្លួនឯងស្លាប់ក្នុងរថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចដីចម្ការរបស់ឈ្មោះហេង រ៉ាវីក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល នៅមិនទាន់ដឹងពីមូលហេតុនៅឡើយ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះYEH BO JHENG ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិចិនស្នាក់នៅសណ្ឋាគារត្រានីការ នៅភូមិព្រែកសំរោង៣ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ សមត្ថកិច្ចរកឃើញ អាវុធខ្លី១ដើមម៉ាក GLOGK17 ,សំបកគ្រាប់ចំនួន២ , គ្រាប់ចំនួន២គ្រាប់ ,បង់ចំនួន១ ,រថយន្ដ១គ្រឿងម៉ាក SAVARIN ពាក់ស្លាកលេខ ភ្នំពេញ 2BC-0536 ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ  ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅផឹកស៊ីនៅហាងបេនស័រ តាមផ្លូវលេខ៣១០ សង្កាត់បឹងកេងកង៣ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រហូតដល់វេលាម៉ោងជិត៣ ទៀបភ្លឺ ហើយជនរងគ្រោះបានវិលត្រឡប់មកសណ្ឋាគារត្រានីកាវិញ ។

លុះរហូតដល់វេលាម៉ោង០៦និង០៧នាទីព្រឹកថ្ងៃដដែល ជនរងគ្រោះបានបើករថយន្តមួយគ្រឿងខាងលើចាកចេញទៅបាត់ រហូតដល់វេលាម៉ោង៧ព្រឹក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរថយន្តចតទុកចោលយូរពេក រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងរថយន្ត ដោយសារបាញ់សម្លាប់ខ្លួន ។

សពជនរងគ្រោះក្រោយពីធ្វើការស្រាវជ្រាវ ពិនិត្យកោសល្យវិច័យរួច ឃើញថា«ស្លាប់ដោយការធ្វើអត្តឃាត»រួចសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *