ក្រុមមេដឹកនាំអាហ្វ្រិក ឱ្យរបបយោធានីហ្សេ បោះបង់ចោលអំណាច ក្នុងរយៈពេល មួយសប្តាហ៍ទៀត

បរទេស ៖ ក្រុមមេដឹកនាំអាហ្រ្វិកកាលពីថ្ងៃអាទិត្យម្សិលមិញ បានផ្តល់ពេលដល់របបយោធានៅនីហ្សេមួយសប្តាហ៍ទៀត ដើម្បីបោះបង់ចោលអំណាច បើមិនអ៊ីចឹងទេប្រឈមមុខនឹងការប្រើប្រាស់កម្លាំង ហើយបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើពួកមេរដ្ឋប្រហារ បន្ទាប់ពីរដ្ឋប្រហារចុងក្រោយនៅក្នុងតំបន់សាហ៊ែល (Sahel) ដែលញាំញីដោយក្រុមជីហាដ ។

រដ្ឋប្រហារនៅលើកទីបីនេះ កើតឡើងរយៈពេលជាច្រើនឆ្នាំមកនេះដែលទម្លាក់មេដឹកនាំនៅតំបន់សាហ៊ែល ហើយលោកប្រធានាធិបតីជាប់ឆ្នោតរបស់នីហ្សេនិងជាសម្ពន្ធមិត្តលោកខាងលិចគឺលោក ម៉ូហាម៉េដ បាហ្សួម (Mohamed Bazoum) ត្រូវបានយោធាចាប់ខ្លួនតាំងពីថ្ងៃពុធ។

លោកឧត្តមសេនីយ៍ អាប់ឌូរ៉ាហាម៉ាណេ ថាយ៉ានី (Abdourahamane Tiani) ដែលជាប្រធានកងអង្គរក្សប្រធានាធិបតីដ៏មានឥទ្ធិពល បានប្រកាសខ្លួនឯងជាមេដឹកនាំប្រទេស ។ លោកបាហ្សួមគឺជាប្រធានាធិបតីម្នាក់ក្នុងចំណោមក្រុមប្រធានាធិបតីជាប់ឆ្នោតនិងមេដឹកនាំនិយមលោកខាងលិចនៅក្នុងតំបន់សាហ៊ែល ដែលចាប់តាំងពីឆ្នាំ២០២០ ការបះបោររបស់ពួកជីហាដ បានបង្កឱ្យមានរដ្ឋប្រហារនៅក្នុងប្រទេសម៉ាលី និង បួគីណាហ្វាសូ។

ប្រទេសជាអតីតអាណានិគមបារាំងមួយនេះនិងសហភាពអឺរ៉ុបបានផ្អាកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងជំនួយហិរញ្ញវត្ថុដល់ប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ ខណៈសហរដ្ឋអាមេរិកបានព្រមានថា«ជំនួយរបស់ខ្លួនក៏អាចមានបញ្ហាផងដែរ»។

កិច្ចប្រជុំបន្ទាន់មួយក្នុងប្រទេសនីហ្សេរីយ៉ា ប្លុកក្នុងតំបន់ហៅថា «សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច(ECOWAS) បានទាមទារឱ្យប្រគល់តំណែងដល់លោកបាហ្សួមវិញក្នុងរយៈពេលមួយសប្តាហ៍។ បើមិនដូច្នេះទេ ខ្លួននឹងចាត់វិធានការទាំងអស់ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញ»។

ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វិធានការបែបនេះអាចរួមបញ្ចូលការប្រើប្រាស់កម្លាំងចាប់បង្ខំអនុវត្ត ហើយប្រមុខការពារជាតិរបស់ប្លុក ECOWAS នឹងជួបគ្នានៅថ្ងៃអាទិត្យ»។

លោក បូឡា ថាយនូប៊ូ (Bola Tinubu) ជាប្រធានាធិបតី​នីហ្សេរីយ៉ា និង​ជា​ប្រធាន ECOWAS បាន​និយាយ​ថា គ្មាន​ពេលទៀត​ទេ​សម្រាប់​យើង​ដើម្បី​បញ្ជូន​សញ្ញា​ព្រមាន ,វាជា​ពេល​​សម្រាប់​សកម្មភាព។

ភ្លាមៗគេមិនទាន់ដឹងច្បាស់ថាតើ ECOWAS ដែលមានសមាជិក ១៥ ប្រទេស អាចប្រើកម្លាំងបានយ៉ាងដូចម្តេចទេព្រោះកាលពីឆ្នាំមុន ប្លុកនេះបានយល់ព្រមបង្កើតកងកម្លាំងសន្តិសុខក្នុងតំបន់ដើម្បីធ្វើអន្តរាគមន៍ប្រឆាំងនឹងក្រុមជីហាដនិងទប់ស្កាត់ការធ្វើរដ្ឋប្រហារយោធា ប៉ុន្តែព័ត៌មានលម្អិតអំពីកងកម្លាំងនិងមូលនិធិរបស់ខ្លួនមិនត្រូវបានគូសបញ្ជាក់នោះទេ។

លោក អ៊ូហ៊ូមូឌូ ម៉ាហាម៉ាឌូ (Ouhoumoudou Mahamadou) នាយករដ្ឋមន្ត្រីនីហ្សេ បានប្រាប់ទូរទស្សន៍France24 កាលពីថ្ងៃអាទិត្យថា «ទណ្ឌកម្មនេះ នឹងក្លាយជាមហន្តរាយ ទាំងខាងសេដ្ឋកិច្ចនិងសង្គម»៕(ប្រែសម្រួលដោយលោក សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *