បុរសម្នាក់ បើកម៉ូតូបុករបាំងថ្មចែកទ្រូងផ្លូវ នៅម្តុំផ្លូវកោងគល់ស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ ក៏ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវកាលវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ  ទី៣១ កក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ា សារឿន អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅចិន រស់នៅផ្ទះលេខ២២៨ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 1AX-5235។

ប្រភពបន្តថា ដំបូងឡើយគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីសាលារៀនជា ស៊ីម សាមគ្គី ឆ្ពោះទៅគល់ស្ពានអាកាសស្ទឹងមានជ័យ។ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងផង គួបផ្សំនឹងការបើកលឿនផង បណ្ដាលឱ្យជ្រុលបុកនិងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។

 ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌមានជ័យបានចុះមក វាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *