សមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំយកអំណោយជូនគ្រួសារក្រីក្រ កំពុងជួបការខ្វះខាត

ព្រះវិហារ ៖ លោកឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ ស្រុកជាំក្សាន្ត តំណាងលោក មុត ភិសិទ្ធនាប្រធានសាខាខេត្ត និង លោក ព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់ និងអនុប្រធាន ព្រមទាំង សមាជិក សមាជិកាជាច្រើនរូប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បាននាំយកអំណោយជូនគ្រួសារក្រីក្រមួយ កំពុងរស់នៅ ភូមិឈើទាលគង ឃុំ-ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ 

ស្ត្រីឈ្មោះទែន សារឿន អាយុ៦៦ឆ្នាំ កំពុងស្នាក់នៅក្នុងខ្ទមតូច ជាមួយកូនស្រីម្នាក់ ( មេម៉ាយ ) និងចៅតូចៗចំនួន៤នាក់ ( ដីសុំគេរស់នៅបណ្ដោះអាសន្ន ) បានបង្ហាញទឹកចិត្ត ដោយក្ដីរំភើបត្រេកអរ នៅពេលទទួលបាន នូវអំណោយសប្បុរសនាពេលនេះ រួមមាន អង្ករ៥០គីឡូក្រាម, ទឹកស៊ីអ៉ីវ១យួរ, ទឹកត្រី១យួរ,ទឹកបរិសុទ្ធ ១យួរ, ស្កសរ១គីឡូក្រាម, មី១កេស , ត្រីខមួយប្រអប់ និង ថវិកា១០ម៉ឺនរៀល(ដប់ម៉ឺនរៀល)។

ស្ត្រីទែន សារឿន សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងជួយដល់ការងារ សង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម។

លោក ឆេង​ សុខម៉េង បានជម្រាបថា អំណោយនាពេលនេះ កើតឡើងពីទឹកចិត្ត តាមទិសដៅមនុស្សធម៌ របស់សមាគមន៍ ដែលមានឯកឧត្តម ស៊ូម សារឿន ជាប្រធានសមាគមរាជសីហ៍ ក្នុងការជួយដល់គ្រួសារដែលខ្វះខាត នៅគ្រប់ទិសទី និងកិច្ចការសង្គមផ្សេងៗ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានរំដោះប្រជាជាតិទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេស មានការរីកចម្រើន និងមានសុខសន្តិភាព រហូតមកទល់សព្វថ្ងៃ ៕ (ដោយ យស់ ហៃសុករា)

Leave a Reply

Your email address will not be published. Required fields are marked *