សមត្ថកិច្ចរុករកឃើញហើយសពនារីទី២ ដែលបាត់ខ្លួន នៅជ្រោះឪម៉ាល់

កំពត ៖ សាកសពនារីម្នាក់ដែលទៅបោះតង់ជាមួយ មិត្តភក្តិនៅជ្រោះឱម៉ាល់ ភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក កម្លាំងសមត្ថកិច្ចរុករក ដឹកនាំលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត អស់រយៈពេល៤ថ្ងៃមកហើយ
ត្រូវបានប្រទះឃើញ នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ។

សពនារីរងគ្រោះមានឈ្មោះ ផន ស្រីខួច អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ បានបាត់ខ្លួន បន្ទាប់ពីនាំគ្នាទៅសម្រាកលំហែរកាយ នៅចំណុចខាងលើ ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំង នៅផ្នែកខាងលើ ធ្វើឲ្យទឹកហូរបុកប៉ើង ស្លាប់នារី២នាក់ របួសបុរស២នាក់។

សូមរំលឹកសពនារីទី១មានឈ្មោះ កែវ ស្រីរ័ត្ន អាយុ១៩ឆ្នាំ បានរកឃើញនៅក្នុងកើតហេតុ។ រីឯបុរស២នាក់រងរបួស ឈ្មោះ សុង ទីមធន អាយុ២៣ឆ្នាំ និងឈ្មោះ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនរងគ្រោះទាំង៤នាក់មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។

ចំណាត់ការក្នុងការសង្គ្រោះ និងស្វែងរកពីសំណាក់កម្លាំងសមត្ថកិច្ច តាំងពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អស់រយៈពេល៤ថ្ងៃ ទើបនៅរសៀលថ្ងៃនេះ បានរកឃើញសពជនរងគ្រោះផន ស្រីខួច ចម្ងាយពីកន្លែងកើតហេតុ២០០ម៉ែត្រ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ។

សពនារីរងគ្រោះក្រោយពីរកឃើញ សមត្ថកិច្ចចាត់ចែងរៀបចំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ BBN19

Leave a Reply

Your email address will not be published. Required fields are marked *