អន្តរាគមន៍យោធាក្នុងប្រទេសនីហ្សេ «ជាជម្រើសចុងក្រោយ»

បរទេស ៖ បណ្តាប្រទេសប្លុកអាហ្រ្វិកខាងលិចកាលពីថ្ងៃពុធម្សិលមិញបាននិយាយថា អន្តរាគមន៍យោធានៅនីហ្សេដែលគ្រប់គ្រងដោយរបបយោធាគឺជា «ជម្រើសចុងក្រោយ» ខណៈនីហ្សេរីយ៉ាកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ដើម្បីបង្កើនសម្ពាធលើមេដឹកនាំរដ្ឋប្រហាររបស់ប្រទេសមួយនេះ។

មេដឹកនាំរដ្ឋប្រហារលោកឧត្តមសេនីយ៍ អាប់ឌូរ៉ាហាម៉ាណេ ថាយ៉ានី (Abdourahamane Tiani) បានទទូចថា«ពួកគេគ្មានហេតុផលចាកចេញពីប្រទេសនោះទេ» ខណៈអតីតអាណានិគមបារាំង បានបញ្ជូនយន្តហោះទី៥ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន ។ ការចូលរួមជាមួយការចាកចេញរបស់បារាំងដែរនោះ សហរដ្ឋអាមេរិក បានបញ្ជាឱ្យមានការជម្លៀសមនុស្សដោយផ្នែកពីស្ថានទូតរបស់ខ្លួនផងដែរ នៅក្នុងទីក្រុងនីញ៉ាម៉េ។

ចំណែកមេទ័ពអាហ្រ្វិកខាងលិច ក៏កំពុងជួបប្រជុំគ្នានៅរដ្ឋធានីអាប៊ូចា (Abuja) របស់នីហ្សេរីយ៉ា ដើម្បីរៀបចំការឆ្លើយតបណាមួយ ខណៈដែលគណៈប្រតិភូមួយក្រុមកំពុងស្ថិតនៅក្នុងប្រទេសនីហ្សេរីយ៉ា សម្រាប់ការចរចា ពោលគឺមួយសប្តាហ៍បន្ទាប់ពីរដ្ឋប្រហារដែលបានអង្រួនប្រទេសដ៏ផុយស្រួយមួយនេះ។

ឯក្រុមមេដឹកនាំសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) កាលពីថ្ងៃអាទិត្យ ក៏បានដាក់ទណ្ឌកម្មពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ដោយផ្តល់ពេលឱ្យមេដឹកនាំរដ្ឋប្រហារមួយសប្តាហ៍ដើម្បីដាក់ឱ្យប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់នីហ្សេកាន់តំណែងឡើងវិញ ឬ មិនអ៊ីចឹងប្រឈមមុខនឹងការប្រើប្រាស់កម្លាំង។

លោក អាប់ឌែល ហ្វាទូ មូសា (Abdel-Fatau Musah) ស្នងការ ECOWAS ទទួលបន្ទុកកិច្ចការនយោបាយសន្តិភាព និងសន្តិសុខបាននិយាយថា «ជម្រើសយោធាគឺជាជម្រើសចុងក្រោយបំផុតនៅលើតុ ដែលជាមធ្យោបាយចុងក្រោយ ប៉ុន្តែយើងត្រូវរៀបចំសម្រាប់ព្រឹត្តិការណ៍ចុងក្រោយ»។

លោកបន្តថា ក្រុម ECOWAS ដែលដឹកនាំដោយអតីតមេដឹកនាំនីហ្សេរីយ៉ា លោក អាប់ឌុលសាឡាមី អាប៊ូបាកា(Abdulsalami Abubakar) បានស្ថិតនៅក្នុងប្រទេសនីហ្សេរីយ៉ាដើម្បីពិភាក្សា។

មហាអំណាចយោធានិងសេដ្ឋកិច្ចដ៏លេចធ្លោរបស់អាហ្វ្រិកខាងលិច គឺ នីហ្សេរីយ៉ា ដែលជាប្រធានបច្ចុប្បន្នរបស់ECOWAS បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងរដ្ឋប្រហារ ដែលបានរីករាលដាលពាសពេញតំបន់ចាប់តាំងពីឆ្នាំ២០២០។ នីហ្សេ ដែលជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក ពឹងផ្អែកលើប្រទេសនីហ្សេរីយ៉ាសម្រាប់ ៧០ភាគរយនៃថាមពលរបស់ខ្លួន៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *