នគរបាលព្រហ្មទណ្ឌកំពុងល្បាតជួបចោរឆក់ ដេញចាប់បាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួង ឃាត់ខ្លួននៅយប់ថ្ងៃទី០២ ខែសីហាឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីបរទេសម្នាក់មិនបានសម្រេច ហើយបានបញ្ជូនឡើងតុលាការនៅថ្ងៃទី៤សីហាឆ្នាំ២០២៣។

សមត្ថកិច្ចនិយាយថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩និង១៥នាទីយប់លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ប្រទះឃេីញជន​សង្ស័យជិះម៉ូតូចំនួន០១គ្រឿងមានគ្នា ២នាក់ បានធ្វេីសកម្មភាពឆក់ទូរសព្ទដៃពីនារីរងគ្រោះ ជាជនជាតិវៀតណាម ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញ នគរបាលការិយាល័យធ្វេីការប្រដេញ ហើយឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ៣៦១​ សង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមមាន ១-ឈ្មោះ​ ម៉ក់​ សុវណ្ណាឌី ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ ជាអ្នកបេីក និង២-ឈ្មោះ​ ខែម​ វិរពិទូរ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរជាដៃដល់។ សម្ភារដកហូតមាន ម៉ូតូម៉ាក SUZUKI-NEX ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JS-9473 ជារបស់ជនសង្ស័យ។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យខាងលេី​ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤សីហាឆ្នាំ២០២៣ ដេីម្បីចាត់ការតាមនីតិវិធី៕(សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *