តម្លៃស្បៀងសកលឡើងថ្លៃ ហើយឥណ្ឌារឹតត្បិតការនាំចេញអង្ករ

បរទេស ៖ អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា តម្លៃសកលសម្រាប់ទំនិញម្ហូបអាហារដូចជាអង្ករនិងប្រេងបន្លែ បានកើនឡើងជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ក្នុងសម័យសង្គ្រាមដែលអនុញ្ញាតឱ្យអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់ពិភពលោក ហើយឥណ្ឌាបានរឹតបន្តឹងការនាំចេញអង្កររបស់ខ្លួនមួយចំនួន។

បើតាមសន្ទស្សន៍តម្លៃស្បៀងអាហាររបស់ FAO ដែលតាមដានការផ្លាស់ប្តូរប្រចាំខែនៃតម្លៃទំនិញម្ហូបអាហារអន្តរជាតិដែលត្រូវបានជួញដូរជាទូទៅ បានកើនឡើង ១,៣% ក្នុងខែកក្កដាធៀបនឹងខែមិថុនា ដែលជំរុញដោយតម្លៃអង្ករនិងប្រេងបន្លែកាន់តែខ្ពស់។ វា​ជា​ការ​ឡើង​ថ្លៃ​លើក​ដំបូង​ចាប់​តាំង​ពី​ខែ​មេសា នៅ​ពេល​ដែល​តម្លៃ​ស្ករ​ខ្ពស់​បានរុញ​សន្ទស្សន៍​នេះ​បន្តិច​ជា​លើក​ដំបូង​ក្នុងរយៈពេល​មួយ​ឆ្នាំ។

ប៉ុន្តែតម្លៃទំនិញបានធ្លាក់ចុះចាប់តាំងពីឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ការបង្អាក់ការផ្គត់ផ្គង់ពីប្រទេសទាំងពីរបានធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែពួកគេជាអ្នកផ្គត់ផ្គង់នាំមុខគេនៃស្រូវសាលី ស្រូវបាឡេ ប្រេងផ្កាឈូករ័ត្ន និង ផលិតផលម្ហូបអាហារដែលមានតម្លៃសមរម្យ ជាពិសេសទៅកាន់ប្រទេសមួយចំនួននៃទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និង អាស៊ី ដែលមនុស្សរាប់លាននាក់កំពុងជួបការស្រេកឃ្លាន។

ឥឡូវនេះមានហានិភ័យថ្មីបន្ទាប់ពីរុស្ស៊ីកាលពីពាក់កណ្តាលខែកក្កដាបានចាកចេញពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអ.ស.បនិងតួកគី ដែលផ្តល់ការការពារសម្រាប់នាវាដឹកកសិផលរបស់អ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅ។ ទន្ទឹមនឹងការវាយប្រហាររបស់រុស្ស៊ីលើកំពង់ផែនិងហេដ្ឋារចនាសម្ពន្ធគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន តម្លៃស្រូវសាលីនិងពោតបានកើនឡើងនៅលើទីផ្សារពិភពលោក។

លោក ម៉ាស៊ីម៉ូ ថូរ៉េរ៉ូ (Maximo Torero) ប្រធានសេដ្ឋវិទូរបស់ FAO បាននិយាយថា «តម្លៃស្រូវសាលីអន្តរជាតិបានកើនឡើង ១,៦% នៅក្នុងខែកក្កដា ធៀបនឹងខែមិថុនា ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេលប្រាំបួនខែ»។

មានការព្រួយបារម្ភជាងនេះទៅទៀតគឺការហាមប្រាមពាណិជ្ជកម្មរបស់ឥណ្ឌាលើពូជអង្ករសមួយចំនួនដែលមិនមែនជាបាស្មាទី (Basmati) ដែលជំរុញឱ្យមានការសម្រុកទិញអង្ករទុកនៅផ្នែកខ្លះនៃពិភពលោក។ ការរឹតបន្តឹង ដែលបានដាក់ចេញកាលពីចុងខែមុន បានកើតឡើងនៅពេលដែលបាតុភូតអែលនីណូ (El Niño) ដែលឆាប់កើតឡើងលឿនជាងការរំពឹងទុកនោះ បាននាំមកនូវអាកាសធាតុស្ងួតនិងក្តៅជាងមុននៅក្នុងតំបន់មួយចំនួននៃអាស៊ី ហើយត្រូវគេរំពឹងថានឹងប៉ះពាល់ដល់ផលិតកម្មស្រូវ។

FAO បាននិយាយថា «តម្លៃអង្ករបានកើនឡើង ២,៨% ក្នុងខែកក្កដាធៀបនឹងខែមុន និង ១៩,៧% នៅឆ្នាំនេះ ដោយឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ២០១១។ អង្ករថ្លៃ នឹងបង្កើនការព្រួយបារម្ភអំពីសន្តិសុខស្បៀងយ៉ាងខ្លាំងសម្រាប់ប្រជាជនពិភពលោកភាគច្រើន ជាពិសេសអ្នកក្រីក្របំផុតនិងអ្នកដែលលះបង់ចំណែកធំនៃប្រាក់ចំណូលរបស់ពួកគេដើម្បីទិញអាហារ»។

លោកថូរ៉េរ៉ូបានប្រាប់អ្នកយកព័ត៌មានថា វានឹងក្លាយជាបញ្ហាប្រឈមជាពិសេសសម្រាប់អនុតំបន់សាហារ៉ាអាហ្រ្វិកព្រោះវាជាតំបន់នាំចូលអង្ករដ៏សំខាន់៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *