សមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំយកអំណោយ​ជូន​ស្រ្តីម្នាក់ មានជំងឺមហារីកសុដន់កម្រិតធ្ងន់ និងជួបការខ្វះខាត

ស្រុកជាំក្សាន្ត-ខេត្តព្រះវិហារ ៖ លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ បានចាត់លោកឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ ស្រុកជាំក្សាន្ត ,លោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់ និងសហការី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និង នាំយកអំណោយជូន ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន០១គ្រួសារ និងកំពុងមានជំងឺមហារីកសុដន់កម្រិតធ្ងន់ រស់នៅភូមិឈើទាលគង ឃុំស្រុកជាំក្សាន្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ 

ទឹកភ្នែកហូរបណ្ដើរ លោកស្រី យាន ស្រីនេត អាយុ៤១ឆ្នាំ បានជម្រាបថា គាត់រស់នៅជាមួយស្វាមី និងមានកូនតូចៗ៣នាក់ (ស្រីម្នាក់)​ នៅក្នុងបន្ទុក ។ កាលពី៣ឆ្នាំមុន ជំងឺនេះជាជំងឺ «គីសកាច» នៅដោះផ្នែកខាងឆ្វេង, គាត់ចេះតែព្យាបាលតាមលទ្ធភាពដែលមាន ។ ក្រោយមក ក៏ក្លាយជាជំងឺមហារីក​ រយៈពេល២ឆ្នាំមកហេីយ។ 

លោកស្រីបន្តថា រយៈពេល៥ខែនេះ ជំងឺកាន់តែធ្ងន់ធ្ងរទៅៗឈឺចុកចាប់ ដេកសម្រាកមិនបាន គាត់ក៏ទៅព្យាបាលនៅពេទ្យខេត្ត​ ។ តែពេទ្យបានណែនាំ ទៅព្យាបាលនៅពេទ្យរុស្ស៊ី ព្រោះជំងឺគាត់ធ្ងន់ តែគាត់គ្មានលុយ ទៅព្យាបាលនោះទេ ចេះតែទ្រាំការឈឺចុកចាប់ ។ គាត់លើដៃសំពះ សំណូមពរដល់សប្បុរសជននានា សូមជួយគាត់ផង ( លេខទូរសព្ទ097​ 88​ 52​ 297) ។

ស្វាមីស្រ្តីរូបនេះ ឈ្មោះ សុខ​ ខុន ក៏បានថ្លែងអំណរគុណ ដោយក្ដីរំភើបលាយឡំទឹកភ្នែក នៅពេលទទួលបាន នូវការយកចិត្តទុកដាក់សាកសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគាត់ ព្រោះពួកគាត់កំពុងជួបការលំបាក និងអាណិតប្រពន្ធ អាណិតកូនតូចៗណាស់ ។ គាត់លើកដៃសំពះ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ។

សូមជម្រាបថាអំណោយរបស់សមាគម ដែលបានផ្ដល់នាពេលនោះរួមមាន ៖ អង្ករចំនួន៥០គីឡូក្រាម , ទឹកស៊ីអ៉ីវចំនួន០១យួរ, ទឹកត្រី០១យួរ, ទឹកបរិសុទ្ធចំនួន០២យួរ, ស្ករស ០១គីឡូ, មី០១កេស,ត្រីខ០១យួរ និង ថវិកា១០០,០០០រៀល(១០ម៉ឺនរៀល) ។ សរុបថវិកាចំណាយសរុប ចំនួន ៣០៣.៥០០រៀល ( បីសែនបីពាន់ប្រាំរយរៀល) ។

លោក ឆេង​ សុខម៉េង បានជម្រាបថា អំណោយនាពេលនេះ កើតឡើងពីទឹកចិត្ត តាមទិសដៅមនុស្សធម៌ របស់សមាគមន៍ ដែលមាន ឯកឧត្តម ស៊ូម សារឿន ជាប្រធានសមាគមរាជសីហ៍ ក្នុងការជួយដល់គ្រួសារដែលខ្វះខាត នៅគ្រប់ទិសទី និងកិច្ចការសង្គមផ្សេងៗ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានរំដោះប្រជាជាតិទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេស មានការរីកចម្រើន និងមានសុខសន្តិភាព រហូតមកទល់សព្វថ្ងៃ ៕ ( ដោយ យស់ ហៃសុករា)

Leave a Reply

Your email address will not be published. Required fields are marked *