ឃាត់ចិនតៃវ៉ាន់៦នាក់ ជាមួយគ្រឿងញៀនទម្ងន់ ៧៨៩ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែនបានជាង៧៨៩ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី៥សីហាឆ្នាំ២០២៣ថា បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង០៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិនតៃវ៉ាន់ ០១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរចូលរួមសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម ។  

សមត្ថកិច្ចបន្តថា ក្រុមទី១-នៅវេលាម៉ោង ០២:៣០(យប់) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផល  ឃាត់ជនសង្ស័យ ០២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់):

ទី១-ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ និងទី២-ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ចាប់យកវត្ថុតាង១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ  ស្មើទម្ងន់ 789 kg 781 g និង២.រថយន្ត ០១គ្រឿង -ទូរសព្ទ០២គ្រឿង។

 ចំណែកក្រុមទី២-នៅវេលាម៉ោង ០៧:៣០(ព្រឹក) ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ជនសង្ស័យ  ០៤នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ រួមមាន ១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ,២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩, ៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ និង៤. ឈ្មោះTSAI YU CHING កើតឆ្នាំ ១៩៨៨។ចាប់យកវត្ថុតាង រថយន្ត ០៣គ្រឿង ,ម៉ូតូ ០២គ្រឿង ,ទូរសព្ទ ០៥គ្រឿងនិងគណនីធនាគារ ០៨គណនី ។

សរុបលទ្ធផលទាំងអស់រួមមាន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និង ចាប់យកវត្ថុតាងសារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ,រថយន្ត ០៤គ្រឿង ,ម៉ូតូ ០២គ្រឿង ,ទូរសព្ទ០៧គ្រឿង និងគណនីធនាគារ ០៨គណនី ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *