បុរសម្នាក់បើកម៉ូតូលឿនពេក បុករថយន្តពីក្រោយនៅមុខបុរីវិមានភ្នំពេញ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តម៉ាក តូយូតាព្រូស ពណ៌ស មិនចាំស្លាកលេខពីក្រោយយ៉ាងពេញទំហឹង កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យ ទី៦ ខែសីហាឆ្នាំ២០២៣ត្រង់ចំណុចទល់មុខបុរីវិមានភ្នំពេញ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា សុខលាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពុកឬស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AO-5748 ជិះតែម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកព្រូសពណ៌សមិនចាំស្លាកលេខបើកតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីត្បូងតែជើង, ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម តាមបណ្ដោយផ្លូវជាតិលេខ៦A ស្របទិសគ្នាយ៉ាងលឿនបានមកបុករថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលបាត់បង់ជីវិតភ្លាមៗ។ ឯរថយន្តបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុបាត់តែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វារបានចុះមកដល់កន្លែងកើតហេតុ វាស់វែងយកម៉ូតូទៅរក្សាទុក,ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *