ស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ទាក់ទងករណីកាប់ប្លន់យកម៉ូតូ នៅក្រុងតាខ្មៅ

កណ្តាល ៖ ជនសង្ស័យ៤នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់នៅយប់ថ្ងៃទី៦សីហាឆ្នាំ២០២៣ ទាក់ទងករណីកាប់ប្លន់យកម៉ូតូ កាលពីថ្ងៃទី២៧កក្កដាឆ្នាំ២០២៣វេលាម៉ោង០១និង៣០នាទីយប់ នៅក្រុងតាខ្មៅ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ០៤នាក់រួមមាន ១-ឈ្មោះ អ៉ិត ចាន់ទីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១  សង្កាត់ចាក់អង្រែក្រោម ,២-ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ,៣-ឈ្មោះ ស៊ាន ខយ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ និង៤-ឈ្មោះយិន ស៊ឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២៧កក្កដាឆ្នាំ២០២៣វេលាម៉ោង០១និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការនៅហាងការ៉ាអូខេប៊ីយ៉ុង ដើម្បីត្រឡប់ទៅផ្ទះវិញ, លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់គឺឈ្មោះ អ៉ិត ចាន់ទីម៉េង និង ឈ្មោះ វិន លាភ បានជិះម៉ូតូ០១គ្រឿងម៉ាកHonda moov ពណ៌សស្លាកលេខ ភ្នំពេញ1HA-7486 យកដាវដេញកាប់ជនរងគ្រោះ រួចហើយដណ្តើមយកម៉ូតូនិងកាបូបលុយជិះគេចខ្លួនបាត់ទៅ ។

សមត្ថកិច្ចបន្តថា លុះមកដល់ថ្ងៃទី០៦សីហាឆ្នាំ២០២៣ វេលាម៉ោង០១និង៣០នាទីយប់ ក៏មានជនសង្ស័យ៣នាក់គឺឈ្មោះអ៉ិត ចាន់ទីម៉េង ឈ្មោះស៊ាន ខយ ឈ្មោះយិន ស៊ឹមឡេង បានជិះម៉ូតូដដែលម៉ាកHonda moove ពណ៌សស្លាកលេខភ្នំពេញ១HA- ៧៤៨៦ មានកាន់កាំបិតប៉័ងតោចំនួន០១ បានជិះនាំគ្នាប៉ុនប៉ងដើររកកាប់ប្លន់ជនរងគ្រោះដែលជិះតាមផ្លូវនៅពេលយប់ម្តងទៀត ។ចំណែកឈ្មោះវិន លាភ មិនបានមកជាមួយនោះទេ ក៏ស្រាប់តែបានជួបកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាតធ្វើការឃាត់ខ្លួននិងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះវិន លាភយកមកសាកសួរចាត់ការតាមនីតិវិធីតែម្តង។

យោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើបានប្រាប់ថា«គាត់និងបក្ខពួកពិតជាបាននាំគ្នាយកដាវកាប់ប្លន់យកម៉ូតូនិងកាបូបលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន»។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *