មូលហេតុក្របីងាប់ ដោយសារទូកជ័រ មើលទៅដូច«រូបសត្វក្រពើ»ធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់

កំពង់ចាម ៖ មានករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល ដោយសារ ប្រើទូកជ័រកៀងក្របីមើលទៅដូច«រូបសត្វក្រពើ»ធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់នៅចំណុច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី៦ សីហា ឆ្នាំ២០២៣ វេលាម៉ោង៥និង៣០នាទីល្ងាច។

ប្រភពព័ត៌មានពីលោកមេឃុំផ្តៅជុំ បានឱ្យដឹងថា ដំបូងប្រជាពលរដ្ឋជាម្ចាស់ក្របីបានព្រលែងក្របីជាហ្វូង ដើម្បីសុីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ,ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំង ធ្វើឱ្យលិចតំបន់នោះ ហេតុនេះទើបម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត  ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។ 

លោកមេឃុំបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យក្របីងាប់មកពីត្រឿយម្ខាងទៅត្រឿយម្ខាងទៀត មានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និង ម្យ៉ាងទៀតវិញម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក ដែលមើលទៅដូច«រូបសត្វក្រពើ»ដែលធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់តែម្តងទៅ។

ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន ១៧ក្បាល ក្នុងនោះ២ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀត ជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕ (ប្រភពព័ត៌មាន ៖លោកមេឃុំផ្តៅជុំ)

Leave a Reply

Your email address will not be published. Required fields are marked *