ជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលបុករថយន្តពីក្រោយ បណ្តាលអោយបាត់បង់ជីវិត

ភ្នំពេញ:បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តម៉ាក តូយូតាព្រូស ពណ៌ស ពីក្រោយយ៉ាងពេញទំហឹង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ត្រង់ចំណុចទល់មុខបុរីវិមានភ្នំពេញ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា សុខលាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AO.5748 ជិះតែម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកព្រូសពណ៌សមិនចាំស្លាកលេខបើកតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីត្បូងតែជើង។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ តាមបណ្ដោយផ្លូវជាតិលេខ៦A ស្របទឹសគ្នាយ៉ាងលឿនបានមកបុករថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗគេឃើញរថយន្តបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វារបានចុះមកដល់កន្លែងកើតហេតុ វាស់វែងយកម៉ូតូទៅរក្សាទុក ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយ សាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ.ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *